ព័ត៌មានជាតិ

លោក សយ សុភាព៖ លោក ខៀវ កាញារីទ្ធ មិនត្រឹមតែជារដ្ឋមន្ត្រីប៉ុណ្ណោះទេ ថែមទាំងជារៀមច្បងនិងជា សាស្ត្រាចារ្យដ៏ល្អ លើវិស័យសារព័ត៌មាន 

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមគោរពថ្លែងអំណរគុណដល់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលមិនត្រឹមតែជារដ្ឋមន្ត្រីប៉ុណ្ណោះទេថែមទាំងជារៀមច្បងនិងជា សាស្ត្រាចារ្យដ៏ល្អលើវិស័យសារព័ត៌មាន ដែលបានផ្ដល់ភាពកក់ក្ដៅដល់អ្នកសារព័ត៌មានគ្រប់រូបនៅកម្ពុជា។

ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ នាថ្ងៃទី៣ ឧសភានេះ លោក សយ សុភាពស្ថាបនិកនិងជាអតីតសហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន(សសកច)បានលើកឡើងថា” ៣ ឧសភា ទិវាសេរីសារព័ត៌មានសកលលោកលើកទី២៨ ខ្ញុំ សូមគោរពថ្លែងអំណរគុណ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានផ្តល់ភាពកក់ក្តៅដល់យើងខ្ញុំជាអ្នកសារព័ត៌មាន។ ឯកឧត្តមមិនមែនត្រឹមតែជារដ្ឋមន្ត្រីប៉ុណ្ណោះ ឯកឧត្តម ជា រៀមច្បង ជាសាស្ត្រាចារ្យដ៏ល្អលើវិស័យសារព័ត៌មាន។ពិតមែនតែវាមិនល្អឥតខ្ចោះដូចប្រទេសដទៃ ប៉ុន្តែសម្រាប់ខ្ញុំនិងសហសេវិករបស់ខ្ញុំពិតជារីករាយទទួលយកបានដោយមិនត្រឹមតែចេះសរសេរព័ត៌មានទេ តែអ្នកកាសែតមួយចំនួនបានវិវត្តន៍ខ្លួនទៅដល់វិភាគសភាពការណ៍ក្នុងប្រទេស តំបន់ និង ពិភពលោកទៀតផង ។ ជាពិសេសបានស្វែងយល់ពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រនយោបាយ បណ្តាសារភូមិសាស្ត្រ”។

អតីតសហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនបានសង្កត់ធ្ងន់ថា”ពីមុនយើង ធ្លាប់តែឃើញ កាសែតបរទេសហើយសរសើរ ថាពួកគេអស្ចារ្យណាស់ ប៉ុន្តែ ចាប់ពីប្រទេសស្គាល់សន្តិភាពមក អ្នកកាសែតអាជីពខ្មែរយើងមិនចាញ់គេទេ អ្នកកាសែតបរទេស យល់ពីសភាពការណ៍នយោបាយ ឬ សង្គមខ្មែរមិនដល់អ្នកកាសែតខ្មែរទេ។សូមគោរពអរគុណរាជរដ្ឋាភិបាលដែលបានផ្តល់តំលៃខ្ពស់ដល់អ្នកកាសែតខ្មែរហើយសម្ធិផលទាំងនេះគឺកើតចេញពីប្រទេសមានសុខក្សេមក្សាន្តក្រោយពីបញ្ចប់សង្រ្គាមនៅ ២៩ ធ្នូ ១៩៩៨”។

សូមរំលឹកថាសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់លោក សយ សុភាព និង លោក LIUXIAO GUANG ត្រូវបានទទួលស្គាល់ជាផ្លូវការពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០១៩និងត្រូវបានសម្ពោធប្រកាសដំណើរការកាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋគារសូហ្វីតែលភ្នំពេញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕

To Top