Covid-19

Update៖ រាជរដ្ឋាភិបាលប្រកាស បិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី៦ឧសភាតទៅ (Video)

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសបិទបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានន័យថាបើដំណើរការឡើងវិញ ចាប់ពីថ្ងៃទី៦ខែឧសភាឆ្នាំ២០២១តទៅ។

យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្តេច តេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៅថ្ងៃទី៣ឧសភាឆ្នាំ២០២១ បានលើកឡើងថា បញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលត្រូវបានសម្រេច ដោយសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ។

រាជរដ្ឋាភិបាលបន្តថា ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយនៃភូមិសាស្ត្ររាជធានីភ្នំពេញ ឬក្រុងតាខ្មៅនៃខេត្ត កណ្តាល ព្រមទាំងការដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធនិង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ គឺជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ឬគណៈអភិបាល ខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅនៃខេត្តកណ្តាលដោយផ្អែកតាមស្ថានភាព វិវត្តន៍នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួន និងដោយត្រូវអនុវត្តស្របតាមអនុក្រឹត្យ លេខ ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមានផ្សេងទៀត។

សូមរំលឹកថាក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត៕

To Top