Covid-19

ឧបករណ៍តេស្តរហ័ស ជួយបង្កើនសមត្ថភាពស្វែងរកអ្នកផ្ទុកជំងឺកូវីដ-១៩ ដែលជាហេតុ ធ្វើឱ្យតួលេខ អ្នកឆ្លងកើនឡើង ជាប្រចាំ

ភ្នំពេញ ៖ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល បានឱ្យដឹងថា មូលហេតុធ្វើឱ្យតួលេខអ្នកឆ្ល ងជំងឺកូវីដ-១៩ មានការកើនឡើង ដោយសារក្រុមគ្រូពេទ្យប្រើប្រាស់ តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ (COVID-19 Rapid Antigen Test) ទៅលើអ្នកសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ដែលវាមានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមានឬអវិជ្ជមាន ក្នុងរយៈពេល១៥នាទីប៉ុណ្ណោះ។

លោក ហុក គឹមចេង បានឱ្យដឹងបែបនេះ ក្រោយពីមានប្រជាពលរដ្ឋមួយចំនួនមានការងឿងឆ្ងល់ថា «ហេតុអ្វីបានជាចំនួន អ្នកឆ្លងថ្មីកើនខ្ពស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ»។

លោក ហុក គឹមចេង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃទី៤ ខែឧ សភា ឆ្នាំ២០២១ ថា ក្រោយពីធ្វើតេស្ដរហ័សរួច ក៏បញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍ដែរ។

លោក បានថ្លែងថា «តាមពិតទៅមានការឆ្លងជំងឺកូវីដ-១៩ច្រើន ហើយយើងប្រើប្រាស់ឧបករណ៍តេស្ដរហ័សនេះ យើងរកឃើញអ្នកជំងឺកូវីដភ្លាមៗ ដូច្នេះ យើងរកឃើញអ្នកជំងឺកាន់តែច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃ»។

លោក បានបន្ដថា ការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដើម្បីធ្វើយ៉ាងណាឱ្យការឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា មានការថយចុះ ជាពិសេសនោះ ឈានទៅការគ្រប់គ្រងជំងឺកូវីដ-១៩។

ជាងនេះទៅទៀត លោក ហុក គឹមចេង ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ចាក់វ៉ាក់សាំងកូវីដ-១៩ និងនៅផ្ទះ (បើមិនមានការចាំបាច់ កុំចេញក្រៅផ្ទះ) ទាំងនេះជាអាវុធដ៏ស័ក្តសិទ្ធសម្រាប់ប្រជាពលរដ្ឋ យកឈ្នះសត្រូវអត់ស្រមោល កូវីដ-១៩។

ថ្មីៗនេះ ក្រសួងសុខាភិបាល ក៏បានណែនាំដល់ម្ចាស់មន្ទីរពេទ្យេឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ដែលទទួលបានលិខិតអនុញ្ញាតឱ្យប្រើប្រាស់តេស្ដរហ័សកូវីដ-១៩ ត្រូវធ្វើការកំណត់តម្លៃឱ្យបានសមរម្យ និងណែនាំដល់បុគ្គលិកក្រោមឱវាទ ត្រូវដាក់បង្ហាញតម្លៃនៅទីសាធារណៈ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៦,២៩៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៥,៧៩១នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន១០,៣៩៤នាក់ និងអ្នកស្លាប់ ចំនួន១០៧នាក់៕

ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top