Covid-19

សម្ដេចតេជោ បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យចេញ-ចូល និងធ្វើតេស្ដរហ័សដល់អ្នកមកពីតំបន់ ផ្ទុះជំងឺកូវីដ-១៩ (Video)

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិ និត្យការធ្វើដំណើរចេញ-ចូល ភូមិសាស្ត្ររបស់ខ្លួន ជាពិសេសនោះ ត្រូវធ្វើតេស្ដរហ័សដល់អ្នកមកពីតំបន់ផ្ទុះជំងឺកូវីដ-១៩។

ក្នុងសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «គណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្តតាមសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្ត្រ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន សម្រាប់អ្នកដំណើរ ដែលចេញមកពីតំបន់ដែលមានការផ្ទុះឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជាអាទិ៍ ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព, ការពង្រឹងវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរដែលវិលត្រឡប់ ទៅរស់នៅ ឬស្នាក់នៅរយៈពេលវែង នៅក្នុងភូមិសាស្រ្តដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

សម្ដេចតេជោ ក៏បានណែនាំអាជ្ញាធរមានសមត្ថកិច្ចដែលគ្រប់គ្រងការចេញ-ចូលតាមច្រកទ្វារព្រំដែន ទាំងព្រំដែនគោក ទាំងព្រំដែនទឹក និងច្រកទ្វារចេញ-ចូលតាមផ្លូវអាកាស និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីចាត់វិធានការម៉ឺងម៉ាត់ ក្នុងក្របខណ្ឌសមត្ថកិច្ចរៀងៗខ្លួន ជាពិសេស ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរកមេរោគកូវីដ-១៩ និងការពង្រឹងវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូល ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការការនាំចូលពីក្រៅប្រទេសនូវមេរោគកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនប្រភេទថ្មី។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អភិបាលរាជធានី-ខេត្ត ដែលពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដាក់ចេញរួមគ្នា នូវវិធានការចាំបាច់នានា ដែលត្រូវអនុវត្តក្នុងភូមិសាស្រ្តរាជធានី ខេត្ត ដែលមានព្រំប្រទល់ជាប់គ្នា សំដៅគ្រប់គ្រងតំបន់ដែលមានការផ្ទុះឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ឬដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺនេះក្នុងភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ដោយមានការពិគ្រោះយោបល់ជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងបន្ទាប់ពីមានការសម្រេចជាគោលការណ៍ពីរាជរដ្ឋាភិបាល ត្រូវរួមគ្នាចេញសេចក្តីណែនាំ អំពីវិធានការចាំបាច់នានា ដែលត្រូវអនុវត្តចំពោះរោងចក្រ សហគ្រាស ជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលត្រូវបានរកឃើញថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៦,២៩៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៥,៧៩១នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន១០,៣៩៤នាក់ និងអ្នកស្លាប់ ចំនួន១០៧នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top