Covid-19

សម្ដេចតេជោ៖ ក្នុងតំបន់ក្រហម ដរាបណាមិនទាន់ចាក់អស់ ប្រជាជន គឺយើងមិនដើរចេញចោល ប្រជាជនណាម្នាក់នោះទេ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យក្រុមការងារត្រូវចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម គឺចាក់ឱ្យអស់ប្រជាពលរដ្ឋ ហើយវ៉ាក់សាំងរបស់ចិន ចំនួន១លានដូសទៀត នឹងមកដល់កម្ពុជា ជាបន្ដបន្ទាប់។

សម្ដេច រៀបរាប់ថា វ៉ាក់សាំង១លានដូស នឹងមកដល់កម្ពុជានៅថ្ងៃទី១១ ឧសភា ៥០ម៉ឺនដូស និងថ្ងៃទី១៥ ឧសភា ៥០ម៉ឺនដូស។

តាមរយៈសារសំឡេង នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំង កូវីដ-១៩ នៅតំបន់ក្រហមរយៈពេល៤ថ្ងៃកន្លងមកនេះ គឺប្រព្រឹត្តទៅយ៉ាងល្អ។ ដោយឡែក ចំនួនអ្នកចាក់វ៉ាក់សាំងក្នុងក្រ បខណ្ឌទូទាំងប្រទេសមានការកើនឡើង ជាង១លាន៥សែននាក់ ស្មើនឹងជាង១៥ភាគរយ នៃចំនួនប្រជាជនដែលត្រូវចាក់ ។

សម្ដេចតេជោ រំលឹកថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស បានបញ្ជូនវ៉ាក់សាំង ចំនួន៩០ម៉ឺនដូស ជូនទៅកងកម្លាំងប្រដាប់អាវុធ ដែលបាននឹងកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅ ក្នុងតំបន់ក្រហម។ សម្ដេចថា ប៉ុន្តែចំនួនតួលេខជាក់ស្ដែងប្រជាពលរដ្ឋនៅតំបន់ក្រហម ជាង៥២ម៉ឺននាក់ តែវ៉ាក់សាំង មានត្រឹមតែ៩០ម៉ឺនដូសប៉ុណ្ណោះ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថា នៅក្នុងតំបន់ក្រហមនេះ ដរាបណាមិនទាន់ចាក់អស់ប្រជាជន គឺយើង មិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ។ ចំនួន៩០ម៉ឺនដូស ដែលយើងបញ្ជូនទៅ បានត្រឹមប្រជាជន ជាង៤០ម៉ឺន នាក់ ប្រសិនបើមានការខូតខាតមួយចំនួន តាមធម្មតាតែតែងមានការខូតខាតនោះហើយ ដែលយើងគិតថា វាអាច៤៤ម៉ឺន នាក់ទៅចុះ»។

សម្ដេចតេជោ បន្ដថា «ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួនជាង ៥២ម៉ឺននាក់ក្នុងតំបន់ក្រហម គឺមិនខ្វះទេ។ ថ្ងៃទី១១ ឧសភា នឹងមកដល់ ៥០ម៉ឺនដូស ថ្ងៃទី១៥ នឹងមកដល់ ៥០ម៉ឺនដូសទៀត គឺមាន១លានដូស នៅក្នុងដៃបន្ថែមទៀត»។

សម្ដេចតេជោ ក៏បានបញ្ជាឱ្យ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវណែនាំដល់អង្គភាព ដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម គឺមិនត្រូវបញ្ចប់ត្រឹមដូសទី១ នៅថ្ងៃទី១៥ ឧសភា ឡើយ ដូសទី១ គឺត្រូវធ្វើយ៉ាង ណាចាក់ឱ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។ សម្ដេច ក៏អង្វរកប្រជាពលរដ្ឋកុំចេញ ពីតំបន់ផ្សេងចូលមកតំបន់ ក្រហម ដើម្បីទទួលបានវ៉ាក់សាំង។

សម្តេចតេជោ ក៏បានចាត់ទុកប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ជាអ្នករងគ្រោះមួយធ្ងន់ធ្ងរណាស់ ដូច្នេះត្រូវរៀបចំឱ្យពួក គាត់បានទទួលនូវវ៉ាក់សាំងគ្រប់គ្នា។សម្ដេច ណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំង ឱ្យយកចិត្តទុកដាក់ខ្ពស់នៅតំបន់នោះ ជាពិសេសជនពិការ ចាស់ជរា គួរមានអនុគ្រោះចូលចាក់មុន ហើយក៏មិនត្រូវភ្លេចព្រះសង្ឃនៅតាមទីអារាម ត្រូវនិមន្តមកចាក់ផងដែរ។

សម្ដេចតេជោ បន្ថែមថា នៅពេលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមចប់សព្វគ្រប់ហើយ ប្រជាជនកម្ពុជានឹងកើនឡើងដល់ជាង២លាននាក់ នៃអ្នកទទួលបានចាក់វ៉ាក់សាំង ហើយស្មើជាង២០ភាគរយ នៃចំនួនប្រជាជន១០លាននាក់ ដែលគ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕

To Top