Covid-19

ស្នងការរងខេត្តព្រះវិហារ ម្នាក់ឆ្លងជំងឺកូវីដ-១៩ បានទទួលមរណភាព

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ចៅ ស៉ីផន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឆ្លងជំងឺកូវីដ-១៩ ហើយទទួលមរណភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

យោងតាមលិខិត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ផ្ញើជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៤ ឧសភា បានរៀបរាប់ថា លោកវរសេនីយ៍ឯក ចៅ ស៉ីផល បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ធ្វើតេស្ដសាកសព របស់មណ្ឌលសុខភាពទឹកថ្លា បង្ហាញថា វិជ្ជមានជំងឺកូវីដ-១៩។

កន្លងមក លោកវរសេនីយ៍ឯក ចៅ ស៉ីផន មានជំងឺប្រចាំកាយ ទឹកនោមផ្អែម និងលើសឈាម បណ្ដាលឲ្យស្លាប់ មួយចំហៀងខ្លួន ត្រូវបានអង្គភាពអនុញ្ញាតឲ្យ សម្រាកព្យាបាល នៅផ្ទះប្អូនស្រីបង្កើត នៅខេត្តសៀមរាប តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ នៅពេលស្ថានភាពជំងឺទ្រុឌទ្រោមខ្លាំង ត្រូវបានបងប្អូនបញ្ជូន ទៅសម្រាកព្យាបាល នៅរាជធានីភ្នំពេញ៕

To Top