Covid-19

ក្រសួងការងារ ដាស់តឿន ម្ចាស់រោងចក្រទាំងអស់ កុំធ្វើឱ្យមានការឆ្លង រាលដាលជំងឺកូវីដ-១៩ ជាថ្មី

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ បានដាស់តឿន ទៅដល់ម្ចាស់រោងចក្រទាំងអស់ កុំធ្វើឱ្យការផ្តើមសកម្មភាព អាជីវកម្មឡើងវិញនេះ ទៅជាឱកាស ធ្វើឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងរោងចក្ររបស់ខ្លួន ហើយដែលនឹងនាំឱ្យ មានការបិទរោងចក្រនោះឡើង វិញដោយ រដ្ឋបាលរាជធានី ឬខេត្ត។

ការដាស់តឿននេះធ្វើឡើងក្រោយ រដ្ឋបាលសាលារាជធានីភ្នំពេញ និងខេត្តកណ្ដាលរោងចក្រវិស័យកាត់ដេរ ដែលស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាព ផលិតកម្មឡើងវិញ ដោយត្រូវប្រើប្រាស់កម្លាំង កម្មករនិយោជិតត្រឹម ៥០% នៃចំនួនកម្មករនិយោជីតសរុប។

លោកហេង សួរ បានរំឮកថាគ្រប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញ ព្រមទាំងគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា បានគាំទ្រការផ្តើមសង្វាក់ ផលិតកម្ម នៃរោងចក្រ ក្នុងវិស័យកាត់ដេរ ជាជំហានៗ ដោយផ្តើមចេញពី ៥០% នៃកម្លាំងកម្មករនិយោជិតសរុប និងឆ្លាស់វេនគ្នា រៀងរាល់ពេល ២សប្តាហ៍។

លោកបន្តថា អ្នកគ្រប់គ្រងរោងចក្រ សហគ្រាសគួរពិនិត្យ លើសេចក្តីថ្លែងការ របស់គណៈកម្មការក្រុមប្រឹក្សាការងារនាថ្ងទី៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។

សូមរំលឹកថា យោងសេចក្តីសម្រេចលេខ ១០០/២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងយោងសេចក្តីសម្រេចលេខ ០៨៥ របស់រដ្ឋបាលខេត្តកណ្តាល នោះរោងចក្រវិស័យកាត់ដេរ ដែលស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាពផលិតកម្មឡើងវិញ ដោយត្រូវប្រើប្រាស់កម្លាំងកម្មករនិយោជិតត្រឹម ៥០% នៃចំនួនកម្មករនិយោជីតសរុប។

អ្នកគ្រប់គ្រងរោងចក្រ ត្រូវយកថ្ងៃទី១ នៃការផ្តើមដំណើរការរបស់ខ្លួនឡើងវិញនេះ (ថ្ងៃទី០៦ ខែឧសភា) ដើម្បីប្រជុំកំណត់ឈ្មោះ និងចំនួនកម្មករ ៥០% ដែលត្រូវធ្វើការវេនដំបូង ដែលមានរយៈពេល ២សប្តាហ៍ និង៥០%ទៀត ដែលត្រូវធ្វើក្នុងវេនបន្ទាប់ ដែលមានរយៈពេល២សប្តាហ៍ដូចគ្នា។
ទន្ទឹមនឹងនេះត្រូវពិនិត្យលើ៖
១. ស្ថានភាពអនាម័យ និងសុវត្ថិភាពនៃគ្រឿងម៉ាស៊ីនបម្រើឱ្យសង្វាក់ផលិតកម្មរបស់ខ្លួន និងប្រព័ន្ធបញ្ចេញបញ្ចូលចរន្តខ្យល់ក្នុងអាគារផលិតកម្ម
២. វិធានអនាម័យ និងសុវត្ថិភាពការងារ ដូចជាផ្តល់ម៉ាសឱ្យកម្មករនិយោជិតយ៉ាងតិច១ ក្នុង១ថ្ងៃ ,ការបាញ់អាល់កុលពេលចូលនិងចេញពីការងារ, ការបន្ថែមម៉ាស៊ីនបាញ់អាល់កុលនៅក្នុងអាគារផលិតកម្ម, ការវាស់កម្ដៅ, សាប៊ូលាងដៃនៅក្នុងបន្ទប់ទឹក និងកន្លែងហូបបាយ
៣. ការបែងចែកវេនអាហារថ្ងៃត្រង់ និងលើកទឹកចិត្តឱ្យកម្មករនិយោជិតយកម្ហូបមកពីផ្ទះ
៤. ត្រៀមរំឮកម្មករនិយោជីតឱ្យពាក់ម៉ាសជានិច្ចពេលជិះរថយន្ត និងពេលធ្វើការ ព្រមទាំងរក្សាឱ្យបាននូវ គោលការណ៍ ៣កុំ ៣ការពារ៕

To Top