ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម ជឿជាក់ថា ផលិតកម្មស្វាយស្រស់ នឹងលើកកម្ពស់ សេដ្ឋកិច្ច និងទីផ្សារកម្ពុជា បណ្ដើរៗ

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជឿជាក់ថា វិស័យផលិតកម្ម ស្វាយស្រស់ នឹងត្រូវបានលើកកម្ពស់ មានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារកម្ពុជា ជាបណ្តើរៗ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ។

ក្នុងពិធីសម្ពោធជាផ្លូវការ នៃការនាំចេញផ្លែស្វាយស្រស់កម្ពុជា ចំនួន៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិន ដោយត្រង់ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន បានធ្វើការណែនាំដល់ក្រុមហ៊ុន ម្ចាស់ចម្ការ ត្រូវសហការជាមួយ អគ្គនាយកដ្ឋានកសិកម្ម ដើម្បីអនុវត្តវិធានបច្ចេកទេស លក្ខខណ្ឌតម្រូវភូតគាម អនាម័យរបស់ភាគីចិន ធ្វើយ៉ាងណាឱ្យការ នាំចេញផលិតផលផ្លែស្វាយស្រស់ ប្រកបដោយនិរន្តរភាព។

លោក បានបញ្ជាក់ថា «សង្ឃឹម និងជឿជាក់ថា ព្រឹត្តិការណ៍នាពេលនេះ គឺជាការចាប់ផ្តើមជាផ្លូវការ នៃផលិតផលផ្លែស្វាយ ស្រស់របស់កម្ពុជា នឹងត្រូវបានហូរចេញជាបណ្តើរ ដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើន អនេក ដែលកសិករ ម្ចាស់ចំការ និងអាជីវករ នឹងទទួលបានពីភាព ជោគជ័យដ៏ធំធេងនេះ។ លើសពីនេះ វិស័យផលិតកម្ម ស្វាយស្រស់ នឹងត្រូវបានលើកកម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេស នឹងស្រូបយកពលកម្ម ក្នុងស្រុកបានកាន់តែច្រើនថែមទៀត បង្កើតការងារ តម្លៃបន្ថែម និងប្រាក់ចំណូល»។

លោករដ្ឋមន្ដ្រី ក៏បានអំពាវនាវឱ្យវិស័យឯកជនចូលរួម និងសហការបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាស ដែលកំពុងមានក្នុងដៃឱ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្ម។ លោករដ្ឋមន្ដ្រី សង្ឃឹមទៀតថា កសិផលកម្ពុជាផ្សេងៗទៀត នឹងមានឱកាសបង្ហាញខ្លួន នៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ។

នាឱកាសនោះដែរ លោក Wang Wentain ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើង តាមរយ: Zoom ដោយជឿជាក់យ៉ាងមុតមាំថា ផលិតផលផ្លែស្វាយស្រស់កម្ពុជា ក៏នឹងមានវាសនាដូចផ្លែចេកអំ បូងលឿងផងដែរ នាពេលអនាគតដ៏ខ្លី។ សមិទ្ធផលនេះ ប្រាកដជានឹងចូលរួមចំណែក ផ្តល់ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិន ដោយត្រង់ ដែលសកម្មភាពនេះពិតណាស់ នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយ បង្កើតការងារ បង្កើនប្រាក់ចំណូល និងរក្សាសុខភាពសេដ្ឋកិច្ចគ្រួសារកសិករ និងក្រុមហ៊ុនវិនិយោគក្នុង និងក្រៅប្រទេស ។

លោក ក៏បានលើកទឹកចិត្ត ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឲ្យ សម្រេចនូវសមិទ្ធផលថ្មីមួយនេះ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ឱ្យឈ្នះលើការវាយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នេះ ហើយសូមឱ្យ ចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top