ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ៩០គ្រួសារ រងគ្រោះដោយ ខ្យល់កន្ត្រាក់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខា កាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១នេះ
រួមនឹងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ នៅ ២កន្លែងផ្សេងគ្នា គឺ១០គ្រួសារ នៅក្នុង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និង ៨០គ្រួសារទៀត មកពី ៦ឃុំ ក្នុងស្រុកកងមាស ដែលរងគ្រោះដោយខ្យល់ កន្ត្រាក់បណ្តាល អោយប៉ើងនិងរបើកដំបូលផ្ទះប្រជាពលរដ្ឋ កាលពីល្ងាច ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៩០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ, មី៥០កញ្ចប់,ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១០កំប៉ុង , ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) ។ ដោយឡែក ចំពោះថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត គឺ អ្នកដែលខូចខាតកម្រិតធ្ងន់ ចំនួន ១៩គ្រួសារ ១គ្រួសារ ផ្តល់ជូន ៣០០,០០០ រៀល – អ្នកខូចខាតកម្រិតមធ្យម ចំនួន១៥គ្រួសារ ១គ្រួសារ ផ្តល់ជូន ២០០,០០០ រៀល ហើយ អ្នកដែលខូចខាតកម្រិតស្រាល ចំនួន ៥៦ គ្រួសារ ១គ្រួសារ ទទួលបាន ថវិកាចំនួន ១០០, ០០០ រៀល ។ ក្នុងនោះដែរ ខាងស្រុកព្រៃឈរ អនុសាខាស្រុក បានផ្តល់សង្កសី ១៣៧សន្លឹកជូន ៨គ្រួសារងគ្រោះតាមទំហំខូចខាត និង ផ្តល់ថវិកា ជូន ២គ្រួសារដែលរបើកក្បឿង ក្នុង១គ្រួសារ ២០០,០០០ រៀល និង ព្រះអនុគណស្រុក ក៏បានឧបត្ថម្ភ ក្នុង ១គ្រួសារ មី២កេស និង ថវិកា ១០០,០០០ រៀលផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ខ្យល់កន្ត្រាក់ បានបង្កមហន្តរាយ នៅ ឃុំ ចំនួន ២៤ នៃ៥ស្រុកក្នុងនោះមាន (បាធាយ ជើងព្រៃ ព្រៃឈរ កងមាស និង ស្ទឹងត្រង់) ប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ សរុបចំនួន ១៩៤ខ្នង ខូចខាតកម្រិតធ្ងន់ ៣៩គ្រួសារ -កម្រិតមធ្យម ៩៩គ្រួសារ និង កម្រិតស្រាល ៥៦គ្រួសារ ហើយត្រូវបានសាខា អនុសាខា កាកបាទក្រហមកម្ពុជា ខេត្ត ស្រុក ផ្តល់ជំនួយមនុស្សធម៌ ភ្លាមៗ ជាបន្តបន្ទាប់ ។

To Top