ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម នាំអំណោយ ផ្តល់ជូនប្រជាពលរដ្ឋជាង ៧០០គ្រួសារ តំបន់បិទខ្ទប់ក្នុងស្រុកកងមាស

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារ នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១ បានចុះសំណេះសំណាល និងនាំអំណោយរបស់រដ្ឋបាលខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋជាង ៧៣០គ្រួសារ នៅតាមបណ្តាឃុំកំពុងបឹងខ្ទប់ ក្នុងស្រុកកងមាស ដើម្បីដោះស្រាយជីវភាព ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដោយយល់ឃើញថា បងប្អូនប្រជាពលរដ្ឋមានការខ្វះខាតជីវភាព ខណៈពេលភូមិឃុំរបស់ខ្លួនត្រូវបានបិទខ្ទប់ ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ហេតុដូច្នេះហើយទើបអាជ្ញាធរខេត្ត បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ មកផ្ដល់ជូនបងប្អូនដើម្បីដោះស្រាយជីវភាពបានមួយរយៈ ក្នុងពេលដែលកំពុងបិទខ្ទប់នេះតែម្ដង ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ឈានដល់ការសម្រេចចិត្តបិទឃុំចំនួន៣ ដែលមាន២៤ភូមិ និងភូមិចំនួន៤ នៅក្នុងស្រុកកងមាស ដោយសារមានអ្នកចំណូលស្រុក មកពីទីក្រុង ភ្នំពេញ ដោយនាំមកមេរោគ កូវីដ-១៩ ចូលមកក្នុងសហគមន៍ និងបានបន្តចម្លងចូល ទៅក្នុងសហគមន៍របស់គាត់ ។ ដូច្នេះប្រសិនបើអាជ្ញាធរខេត្ត មិនមានវិធានការ ឲ្យបានទាន់ពេលទេ នោះ នឹងអាចមានការឆ្លងទៅកាន់ ប្រជាពលរដ្ឋ នៅក្នុងភូមិកាន់ តែច្រើនឡើងមិនខាន ។ ទន្ទឹមនឹងនោះ អាជ្ញាធរខេត្ត បានអនុវត្តវិធានការ សុខាភិបាល ធ្វើការស្រាវជ្រាវ រកអ្នកដែលពាក់ព័ន្ធ ដោយផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីយកមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុក និងខេត្ត ចំពោះអ្នកប៉ះពាល់ ដោយប្រយោល ត្រូវឱ្យគាត់ធ្វើចត្តាឡីស័ក នៅតាមផ្ទះផងដែរ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះភូមិ ឃុំដែលកំពុងបិទខ្ទប់ មកដល់ពេលនេះ នៅសល់តែ ៦ ថ្ងៃទៀតប៉ុណ្ណោះ ប្រសិនបើការពិនិត្យ ទៅមិនឃើញមានវិជ្ជមានកូវីដ-១៩ ថ្មីទេ អាជ្ញាធរខេត្តនឹងបើក ឲ្យដំណើរការឡើងវិញ ។ ដូច្នេះក្នុងតំណាក់កាលនេះ សូមបងប្អូនទាំងអស់អត់ធ្មត់ សិនចុះ និងសូមបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន អោយ បានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ពីការឆ្លងនៃជំងឺកូវីដ-១៩ និងត្រូវអនុវត្ត នូវវិធានការ ” ៣ការពារ និង ៣កុំ ” ជាដាច់ខាត ពិសេសការអនុវត្តន៍ កាតព្វកិច្ចពាក់ម៉ាស់ និង កាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពបុគ្គល ស្របតាមសេចក្តី ជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេល នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនោះ ។

To Top