ព័ត៌មានជាតិ

តុលាការ សម្រេចឃុំខ្លួន បុគ្គលម្នាក់ មិនអនុវត្តវិធានការ សុខាភិបាល និងចម្លងជំងឺកូវីដ១៩ ដល់អ្នក ដទៃ

ភ្នំពេញ ៖ តុលាការសម្រេចឃុំខ្លួន បណ្តោះអាសន្នបុគ្គលម្នាក់ ដែលមិនគោរពវិធានការ សុខាភិបាល ដោយចេតនា ចម្លងជំងឺកូវីដ១៩ ។
ការឃុំខ្លួននេះ បន្ទាប់ពីអនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ សម្រេចបញ្ជូនបុគ្គលម្នាក់នេះ ទៅតុលាការ ពេលកន្លងមក ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានលើកឡើងថា ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនា នូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់ ។

ប្រភបបន្តថា នៅពេលនេះ បុគ្គលឈ្មោះ ពេជ កុសល ត្រូវបានតុលាការ ចេញដីកាសម្រេចឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន ពីបទមិនអនុវត្ត តាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក ដែលបណ្ដាលឲ្យមនុស្សចំនួន ៥នាក់ បានឆ្លងមេរោគកូវីដ១៩ និងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាង ១០០នាក់ ត្រូវធ្វើចត្តាឡីស័ក ។

ប្រភបបន្តថាការស្រាវជ្រាវ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានជួបមិត្តភក្ដិម្នាក់ នៅអូរឫស្សី ដោយឈប់ម៉ូតូបើករបាំងមួកសុវត្ថិភាព និយាយគ្នា ។

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានដឹងថាមិត្តភក្ដិដែលបានជួបខាងលើ វិជ្ជមានកូវីដ១៩ ក៏សម្រេចចិត្តទៅធ្វើតេស្ដ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលបានលទ្ធិផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ។ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជាលើកទី២ នៅវិទ្យាល័យបឹងត្របែក ទទួលបានលិទ្ធផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួន ។
ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជាលើកទី៣ (មូលហេតុប្រពន្ធជាអ្នកលក់ខោអាវនៅផ្សារអូរឫស្សី) នៅវិទ្យាល័យបឹងត្របែក និងត្រូវធ្វើចត្តាឡីស័ក ដើម្បីរងចាំលទ្ធផលធ្វើតេស្ដ របស់ខ្លួនក្នុងរយៈពេល៣ថ្ងៃ ។
ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ (បិទផ្សារអូរឫស្សី) ឈ្មោះ ពេជ កុសល និងប្រពន្ធ បានចាក់ចេញពីផ្ទះ ដែលជាកន្លែងធ្វើចត្តាឡីស័ក នៅម៉ោង១៣៖៣០នាទី ធ្វើដំណើរទៅដល់ផ្ទះម្ដាយនៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅម៉ោង ១៥៖៣០នាទី តាមរយៈម៉ូតូ ។ ពេលទៅដល់ បានទៅបង់សំណាញ់ ចាប់ត្រីជាមួយប្អូនប្រុស ២នាក់, ពេលល្ងាចទៅលេងបាល់ទះ ជាមួយអ្នកភូមិ ៨នាក់ ។
ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ១០៖៣០នាទី គ្រូពេទ្យបាន ទាក់ទងទៅឈ្មោះ ពេជ កុសល ប្រាប់ពីលទ្ធផលធ្វើតេស្ដ វិជ្ជមាន និងត្រូវយកទៅព្យាបាល តែសាម៉ីខ្លួនបែរជានៅខេត្តតាកែវទៅវិញ ។

ប្រភពលើកឡើងថា សកម្មភាពរបស់ ឈ្មោះ ពេជ កុសល គឺមានចេតនាមិនអនុវត្តតាមវិធាន សុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងបានចម្លងមេរោគកូវីដ១៩ ទៅមនុស្សចំនួន ៥នាក់ និងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាង ១០០ នាក់ ។
សូមជម្រាបថា មាត្រា៩ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត លើកឡើងថា ” បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ” ។
ដោយឡែកមាត្រា១៣ និងកថាខណ្ឌ ៣ មាត្រា ២២ នៃអនុក្រឹត្យស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត លើកឡើងថា បុគ្គលដែលមិន អនុវត្តកាតព្វកិច្ច ក្នុងពេលធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសជា ពិន័យអន្តរការណ៍ពី ៥ សែនរៀល ទៅ ២លានរៀល ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top