ព័ត៌មានជាតិ

ឃាត់ខ្លួន អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ ជាង១០០នាក់ ដែលព្យាយាមសម្រុកចាកចេញ ពីតំបន់ក្រហម

ភ្នំពេញ៖ អ្នករត់តាក់ស៊ីនិងប្រជាពលរដ្ឋ ដែលបានព្យាយាម សម្រុកចាកចេញ ពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង១០០នាក់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និងយកសំណាកទាំងអស់គ្នា ខណៈដែលពួកគេសម្រុកចាកចេញ ពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។

ការឃាត់ខ្លួនអ្នកល្មើសទាំងជាង១០០នាក់ ខាងលើធ្វើឡើងនារសៀល ថ្ងៃទី០៨ខែឧសភានេះ ទៅតាមបទបញ្ជានិងការណែនាំ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ អោយដឹងថា គណៈបញ្ជារការឯកភាពរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន អ្នករត់តាក់ស៊ីចំនួន៥៥នាក់ រថយន្ត៤២គ្រឿង និងបានឃាត់ប្រជាពលរដ្ឋ ចំនួន៤៩នាក់ សរុបទាំងអស់ ចំនួន១០៤នាក់ ដែលសម្រុកចេញពីតំបន់ហាមឃាត់(តំបន់ក្រហម) ក្នុងគោលបំណង ធ្វើដំណើរទៅតាមបណ្តាខេត្តនានា ។

លោកបញ្ជាក់ថា “ពួកគាត់ទាំង១០៤នាក់ ត្រូវបានបញ្ជូនទៅធ្វើធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅអនុវិទ្យាល័យគោកបញ្ជាន់ ជាមួយនឹងការយកសំណាករកជម្ងឺកូវីដ-១៩ផងដែរ” ។

ក្នុងនោះដែរ លោកមាន ចាន់យ៉ាដា បានធ្វើការអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅក្នុងតំបន់ក្រហម សូមកុំធ្វើអ្វីដែលល្មើសដូចបងប្អូន ប្រជាពលរដ្ឋទាំង១០៤នាក់ ខាងលើនេះ សូមកុំព្យាយាមចាកចេញ ពីតំបន់ក្រហមដែលជាតំបន់មានហានិភ័យខ្ពស់ នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ។

លោកក៏បាន សុំឱ្យបងប្អូនទាំងអស់ ចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះទាំងអស់គ្នា ៕

To Top