ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ៧០គ្រួសារ រងគ្រោះ ដោយខ្យល់កន្ត្រាក់ បានទទួលអំណោយសង្គ្រោះ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខា កាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារ នារសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ នេះ បាននាំអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ៧០ គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចូលរួមសម្តែង ការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើង ដោយមិននឹកស្មានដល់ បង្កអោយមានការខូចខាត ផ្ទះសម្បែង របស់បងប្អូន បែបនេះ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋ ខិតខំរក្សាអនាម័យលំនៅដ្ឋាន បំបាត់ប្រភពដង្កូវទឹក បំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ គេងនៅក្នុងមុង ដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ពិសេស ជំងឺគ្រុនឈាម ជាដើម។ លោក អ៊ុន ចាន់ដា បានរំលឹកការចងចាំ ថា ” ភូមិស្អាត ផ្ទះស្អាត គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម “។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនគ្រួសាររងគ្រោះទាំង៧០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម , មី យើង ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង , ឃីត ១ និង ថវិកា ១០០,០០០ រៀលផងដែរ៕

To Top