Covid-19

ក្រសួងសុខាភិបាល ​ណែនាំ មន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវទទួលពិនិត្យ អ្នកជំងឺទូទៅ តែធ្វើតេស្ដរហ័ស រកកូវីដជាមុន បើសិនចាំបាច់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវទទួលពិនិត្យ អ្នកជំងឺទូទៅធម្មតា ប៉ុន្ដែអាចធ្វើតេស្ដរហ័ស រកជំងឺកូវីដ១៩ជាមុន ប្រសិនបើចាំបាច់។

យោងតាមលិខិត របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា សេចក្ដីក្រើនរំលឹកណែនាំនេះ ធ្វើឡើងដើម្បីធានា ឲ្យមានប្រក្រតីភាព ក្នុងការផ្ដល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងស្ថានភាព ដែលមានការឆ្លងរីករាលដាល ជំងឺកូវីដ១៩។

ដើម្បីបង្កើនប្រសិទ្ធភាព និងធានាឲ្យមានប្រក្រតីភាព ក្រសួងសុខាភិបាល បានធ្វើការណែនាំក្រើនរំលឹក បន្ថែមដូចខាងក្រោម៖
-សម្រាប់អ្នកជំងឺទូទៅ និងសង្គ្រោះបន្ទាន់ ចូលមកមន្ទីរពេទ្យ គ្រូពេទ្យអាចប្រើតេស្ដរហ័ស រកអង់ទីហ្សែនកូវីដ១៩ សម្រាប់ធ្វើការញែកអ្នកជំងឺ ប្រសិនបើចាំបាច់។

-រៀបចំឲ្យមានបន្ទប់ ដាច់ដោយឡែកបន្ថែម សម្រាប់ផ្ដល់សេវាព្យាបាល សង្គ្រោះបន្ទាន់ វះកាត់ និងសម្ភព តាមលក្ខណៈបច្ចេកទេស ដល់អ្នកជំងឺដែលបានរកឃើញ វិជ្ជមានកូវីដ១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគ្មានការរើសអើង រហូតដល់អ្នកជំងឺ មានស្ថានភាពធូរស្រាលសមស្រប មុននឹងបញ្ជូនទៅមន្ទីរពេទ្យព្យាបាល ជំងឺកូវីដ១៩ ដែលកំណត់ដោយ ក្រសួងសុខាភិបាល។

-មន្ទីរពេទ្យត្រូវបន្ដធានានិរន្ដរភាព សេវាសុខាភិបាល ជាសារវ័ន្ដ ដោយផ្ដល់សេវាជូនដល់គ្រប់អ្នកជំងឺ ដែលមកទទួលសេវា នៅក្នុងមូលដ្ឋានសុខាភិបាល៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×