Covid-19

អាជ្ញាធរ ស្រុកបន្ទាយស្រី រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ ម្នាក់ទៀត ដែលទើបមក ពីភ្នំពេញ

ភ្នំពេញ៖ ដូចការរំពឹងទុក បុគ្គលសង្ស័យម្នាក់ទៀត មកពីទីក្រុងភ្នំពេញឈ្មោះ ទិត្យ ឡូ ដែលជាមិត្តភ័ក្តិរបស់ឈ្មោះ រ៉ូន រាន់ ត្រូវបានរកឃើញថាផ្ទុក វិជ្ជមានមេរោគកូវីដ១៩ដូចគ្នាដែរ។ នេះបើយោងតាមហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។

សូមរំលឹកឡើងវិញថា លោក ទិត្យ ឡូ និង លោក រ៉ូន រាន់ បានធ្វើដំណើររួមគ្នាពីភ្នំពេញ មកកាន់ស្រុកបន្ទាយស្រី ដោយបានឆ្លងកាត់ ការត្រួតពិនិត្យសុខភាព នៅក្នុងមណ្ឌលចត្តាឡីស័កឃុំព្រះដាក់។ ឈ្មោះ រ៉ូន រាន់ត្រូវបានរកឃើញវិជ្ជមាន មុនក្រោយពីមានរោគសញ្ញាសង្ស័យ ដែលជាហេតុធ្វើឱ្យក្រុមការងារបន្តបញ្ជូនឈ្មោះ ទិត្យ ឡូ ពីមណ្ឌលចត្តាឡីស័ក ទៅយកសំណាកបន្ថែមទៀត និងទទួលបានលទ្ធផលវិជ្ជមានដូចនៅពេលនេះ។

លោកឃឹម ហ្វីណង់ បានឱ្យដឹងផងដែរថា ករណីទាំងពីរនេះ មិនមានពាក់ព័ន្ធនឹងបងប្អូន ប្រជាពលរដ្ឋទូទៅនៅក្នុងស្រុកបន្ទាយស្រីនោះទេ និងមិនមានអ្វីគួរឱ្យព្រួយបារម្ភ ពីការរាលដាលឆ្លងបន្តនៅក្នុងសហគមន៍ឡើយ លើកលែងតែចំពោះអ្នកដែល បានកំពុងធ្វើចត្តាឡីស័កទាំង១២នាក់ នៅក្នុងមណ្ឌលជាមួយគ្នា នឹងពួកគាត់ទាំងពីរនាក់ ដែលរដ្ឋបាលស្រុកបានសម្រេច បន្តចត្តាឡីស័កពួកគាត់ចំនួន១៤ថ្ងៃ បន្តទៀត និងត្រូវបានយកសំណាក លើកទីមួយរួចរាល់ហើយដែរ។

លោកអភិបាលស្រុក សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលវិលត្រលប់ចូលមកក្នុងមូលដ្ឋានវិញនឹងស្ម័គ្រចិត្តដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក ពីអ្នកដទៃនិងក្រុមគ្រួសារ ហើយនិងមិនធ្វើដំណើរចេញពីផ្ទះរបស់ខ្លួនក្នុងរយៈពេលនេះ ប្រសិនបើមិនមានការចាំបាច់ ដើម្បីជួយបញ្ចៀសការរីករាលដាលឆ្លងនៃមេរោគកូបវីដ១៩នៅក្នុងសហគមន៍ របស់យើងដោយប្រការណាមួយ ដែលយើងមិនអាចមើលឃើញដឹងមុនបាន។ រដ្ឋបាលស្រុកនឹងត្រៀមខ្លួន រួចជាស្រេចដើម្បីផ្តល់ការគាំទ្រ ប្រឹក្សាយោបល់ តាមដានត្រួតពិនិត្យសុខភាព និងធ្វើការបញ្ជូនទៅធ្វើតេស្ត យកសំណាកក្នុងករណីចាំបាច់៕

To Top