ព័ត៌មានជាតិ

ក្រសួងធនធានទឹក នឹងចាត់វិធានការ តាមច្បាប់ ចំពោះបុគ្គលណា បន្ដផ្សព្វផ្សាយព័ត៌មាន មិនពិតពីអាកាសធាតុ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នឹងមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា បន្ដផ្សព្វផ្សាយព័ត៌មានស្ដីពី «ស្ថានភាពអាកាសធាតុមិនពិត» ដែលធ្វើឲ្យសាធារណៈជនមានការភ័ន្តច្រឡំ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ថា ក្នុងរយៈពេលកន្លងមកនេះ មានជនអនាមិកមួយចំនួន បានបង្កើតផេក Facebook ឈ្មោះថា «Cambodia. Weather Service» ដោយបានបង្ហោះ ព័ត៌មានមួយចំនួនស្តីពី ស្ថានភាពអាកាសធាតុដែលមិនត្រឹមត្រូវ នាំឲ្យមានការយល់ច្រឡំ ពីប្រជាពលរដ្ឋ និងមហាជនទូទៅ។

ក្រសួងធនធានទឹកបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួង នឹងមានចំណាត់ការ តាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលនៅតែបន្ដការបង្ហោះ ផ្សព្វផ្សាយព័ត៌មាន ស្ដីពីស្ថានភាពអាកាសធាតុមិនពិតនេះ ក្នុងបំណងទុច្ចរិតណាមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬដើម្បីបំភាន់មតិសាធារណជន ក៏ដូចជា បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស»

ក្រសួងបន្ដថា សម្រាប់ស្ថានភាពអាកាសធាតុទូទៅ ក៏ដូចជា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្រសួង ដែលជាស្ថាប័នរដ្ឋតែមួយគត់ របស់រាជរដ្ឋាភិបាល តែងតែចេញផ្សាយ តាមសេចក្តីជូនដំណឹង ឬសេចក្តីប្រកាសព័ត៌មាន និងបង្ហោះតាមផេកផ្លូវការ របស់ក្រសួង ដែលមានឈ្មោះថា «ក្រសួងធនធានទឹក និងឧតុនិយម /Ministry of Water Resources and Meteorology» ដូច្នេះរាល់ផេកទាំងឡាយ ឬគណនីយហ្វេសបុក ណាមួយបានបង្ហោះ និងធ្វើការផ្សព្វផ្សាយពីស្ថានភាព អាកាសធាតុនៅកម្ពុជា មិនមែនជាការពិតនោះឡើយ ។

ក្រសួងបន្ថែមថា តាមរយៈការផ្សព្វផ្សាយព័ត៌មាន អាកាសធាតុ ដែល មិនមែនជាស្ថាប័ន ទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក ច្រានចោលទាំងស្រុង និងមិនទទួលខុសត្រូវឡើយ និងចាត់ទុកថា ជាចេតនាមួយរបស់ជនអនាមិកទាំងនោះ នាំឲ្យមានការយល់ខុស និងបង្កជាចលាចល លើស្ថានភាពអាកាសធាតុ ជាក់ស្ដែងនៅកម្ពុជា ៕

To Top