Covid-19

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាល បញ្ជាទិញពីចិននោះ បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ ហើយនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ។

សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសដឹកមកដល់កម្ពុជានាពេលនេះ ជាវ៉ាក់សាំងលើកទី៣ ហើយដែលកម្ពុជាបានបញ្ជាទិញពីចិន ក្នុងនោះរួមមាន ៖ ទិញលើកទី១ ចំនួន១.៥លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ មីនា និងទិញលើកទី២ ចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជា កាលពីថ្ងៃទី១៧ មេសា។

វ៉ាក់សាំងកូវីដ-១៩ ត្រូវបានគេមើលឃើញថា ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀត ក្នុងប្រតិបត្តិការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឲ្យ បានលឿនតាមដែលអាចធ្វើទៅបាន ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្ដស្វែងរកវ៉ាក់សាំងបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរ។

យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១,៨២៥,៤៨៨នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top