Covid-19

កម្លាំងកងរាជអាវុធហត្ថ ១៤០រូប អវិជ្ជមានកូវីដ១៩ ក្រោយធ្វើតេស្ត២ថ្ងៃ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា ការយកសំណាក់តាមវិធីតេស្តរហ័ស នៅក្នុងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចំនួន១៤០រូប ដោយលទ្ធផលវិញគឺ អវិជ្ជមានទាំង១៤០រូប ។ នេះបើតាម លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ហាញ នាថ្ងៃទី១២ ឧសភា។

បើតាមលោក អេង ហ៊ី ដដែល ការយកសំណាក់នេះ ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ក្នុងកងរាជអាវុធហត្ថ ដោយសារកម្លាំងកងរាជអាវុធហត្ថបានចុះប្រតិបត្តិការ សហការជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនានា ក្នុងការអនុវត្តវិធានការហាមឃាត់ការធ្វើដំណើរ ការបិទខ្ទប់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿន នាពេលកន្លងទៅ។

លោកថា លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវយុទ្ធសាស្ត្រសម្អាត ការសង្ស័យនានាអំពីសុខភាព របស់កម្លាំងកងរាជអាវុធហត្ថទាំងអស់ នេះជាទស្សនវិស័យវែងឆ្ងាយ ដើម្បីរក្សាបានកម្លាំងមានសុខភាពល្អ ក្នុងកិច្ចប្រតិតបត្តិការបន្តទៀត។ ទោះយ៉ាងណា នាយឧត្តមសេនីយ៍ នៅតែរំលឹកដាស់តឿន កម្លាំងទាំងអស់ឲ្យប្រយ័ត្នប្រយែង ប្រកាន់ជាប់ជានិច្ចនូវ៣ការពារ និង៣កុំ ព្រមទាំងគោរពនូវវិធានការនានា របស់ក្រសួងសុខាភិបាល គោរពវិន័យកងទ័ព។

សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ឧសភា កងកម្លាំងជាង៨០នាក់ ដែលយាមកាម នៅតំបន់ក្រហម បិទខ្ទប់ត្រូវបានរកឆ្លងជំងឺកូវីដ-១៩ ៕

To Top