ព័ត៌មានជាតិ

វិភាគ ៖ សម្ព័ន្ធមិត្តចតុកោណ ចាប់ផ្តើមធ្វើ សមយុទ្ធយោធា នៅសមុទ្រចិនខាងកើត

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ Japantimes បានចុះផ្សាយអំពីប្រទេស៤ មានប្រទេសជប៉ុន សហរដ្ឋអាមេរិក ប្រទេសឥណ្ឌា និងអូស្ត្រាលី ឬហៅថា សម្ព័ន្ធមិត្តចតុកោណ ដែលបានបើកធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ កាលពីថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ នៅកោះ Kyushu ក្នុងសមុទ្រចិនខាងកើត ដែលជាដែនទឹករបស់ប្រទេសជប៉ុន ។

ក្នុងនាមជាម្ចាស់ផ្ទះ នៃសមយុទ្ធយោធារួមគ្នា របស់សម្ព័ន្ធមិត្តចតុកោណនេះ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសជប៉ុន លោក Nobou Kishi បានថ្លែងថា សមយុទ្ធយោធានេះ ត្រូវបានធ្វើឡើងរយៈពេលពេញ មួយសប្តាហ៍នៅសមុទ្រចិនខាងកើត ក្នុងគោលដៅសំខាន់មួយ គឺទប់ទល់នឹងមហិច្ឆិតាវាទីនិយម និងការពង្រីកឥទ្ធិពល ក្នុងតំបន់របស់ប្រទេសចិន ។

លោក Nobou Kishi បានបន្ថែមថា សមយុទ្ធយោធារួមគ្នា របស់សម្ព័ន្ធមិត្តចតុកោណនៅឆ្នាំនេះ ក៏បានទទួលស្វាគមន៍កងកម្លាំងយោធា របស់ប្រទេសបារាំង អោយចូលរួមផងដែរ ដែលជាលើកដំបូងសម្រាប់ប្រទេសនេះ ក្នុងការចូលរួមសមយុទ្ធយោធា ក្នុងដែនសមុទ្ររបស់សម្ព័ន្ធចតុកោណ ក្នុងបំណងជួយទប់ទល់ នឹងឥទ្ធិពលរបស់ប្រទេសចិនដែរ ។

ប្រទេសបារាំង ដែលហាក់ដូចជាកំពុងសម្លឹងឃើញប្រយោជន៍ យុទ្ធសាស្ត្រក្នុងសមយុទ្ធនេះ និង ជាប្រទេសមានដែនដី នៅនាយសមុទ្រ នៃមហាសមុទ្រប៉ាស៊ីហ្វិក ក៏បានបង្ខិតខ្លួនចូលទៅកាន់តែជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តចតុកោណ ក្នុងបរិបទដែលប្រទេសជប៉ុន កំពុងព្រួយបារម្ភអំពីការពង្រីកអំណាច និងឥទ្ធិពលយោធារបស់ប្រទេសចិន ។

អ្នកទទួលខុសត្រូវក្នុងសមយុទ្ធយោធា របស់សម្ព័ន្ធ មិត្តចតុកោណនេះ បាននិយាយថា សមយុទ្ធនេះ គឺផ្តោតសំខាន់ទៅលើលំហាត់ សឹករបស់កងទ័ព មកពីប្រទេសទាំង៥ ទាំងខាងជើងគោក ជើងទឹក និងទាំងជើង អាកាស ជាពិសេស គឺយុទ្ធសាស្ត្រផ្នែកកងទ័ព ក្នុងការទប់ទលនឹងការវាយប្រហារ គ្រប់បែយ៉ាងពីសត្រូវ និងការជួយការពារសម្ព័ន្ធមិត្ត ខណៈដែលជាប់ដៃ ជាមួយសត្រូវក្នុងសមរភូមិ ។

សមយុទ្ធយោធារួមគ្នានេះ មានការចូលរួមពីនាវាមុជទឹកមួយគ្រឿង របស់ប្រទេសជប៉ុន បូករួមទាំងនាវាចម្បាំងចំនួន១០គ្រឿងមកពីប្រទេសជាដៃគូ គឺជប៉ុនមាននាវាចម្បាំង៦គ្រឿង អាមេរិកមួយគ្រឿង អូស្ត្រាលីមួយគ្រឿង និងប្រទេសបារាំងមាន នាវាចម្បាំងពីរគ្រឿង ដែលក្នុងនោះនាវាមួយគ្រឿង ជាប្រភេទនាវាដឹកឧទ្ធម្ភាគចក្រ ។

ក្រៅតែពីយន្តហោះចម្បាំង នាវាមុជទឹក និងនាវាដឹកឧទ្ធម្ភាគចក្រ ក៏មាននាវាល្បាត និងគ្រឿងយុទ្ធោបករណ៍ ជាច្រើនប្រភេទផ្សេងទៀត ចូលរួមក្នុងសមយុទ្ធយោធា របស់សម្ព័ន្ធមិត្ត ចតុកោណនេះដែរ រួមទាំងកងកម្លាំង យោធាចម្រុះប្រមាណ៣០០នាក់ ដែលក្នុងនោះកងទ័ព ចំនួន៦០នាក់ ជាទាហានមកពីប្រទេសបារាំង ។

លោក Yoshihide Suga នាយករដ្ឋមន្ត្រី របស់ប្រទេសជប៉ុន បាននិយាយថា លំហាត់សឹករបស់សម្ព័ន្ធមិត្តចតុកោណនេះ ត្រូវបានធ្វើឡើងក្នុងបំណង វាយបកវិញ នៅចំពោះមុខ លើការឈ្លានពានណា មួយប្រទេស ដទៃ ដែលទំនងជានាយករដ្ឋមន្ត្រីរូបនេះ ចង់និយាយសំដៅទៅលើការឈ្លានពាន ពីប្រទេសចិននៅដែនសមុទ្រ ។

សូមរំលឹកជូនថា កាលពីខែមេសា ឆ្នាំ២០២១នេះ នាយករដ្ឋមន្ត្រី របស់ប្រទេសជប៉ុន លោក Yoshihide Suga បានជួបពិភាក្សាជាមួយប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន ដោយលើកឡើង ពីការពង្រីកឥទ្ធិពលខាងយោធា ក្នុងតំបន់របស់ប្រទេសចិន ដែលមានកម្លាំង កាន់តែខ្លាំងឡើង គួរអោយព្រួយបារម្ភ ។

លោក Yoshihide Suga បាននិយាយប្រាប់លោក ចូ បៃដិន ថា ប្រទេសចិន ចង់ផ្លាស់ប្តូរលក្ខន្តិកៈដើម តាមរយៈការប្រើប្រាស់កម្លាំង ទៅបំផិតបំភ័យប្រទេសនានានៅជាប់ សមុទ្រចិនខាងត្បូង និងខាងកើត ដែលធ្វើអោយប៉ះពាល់ដល់អធិបតេយ្យភាព និងប៉ះពាល់ដល់ផលប្រយោជន៍ យ៉ាងច្រើនក្នុងតំបន់ ជាពិសេសផ្នែកដែនទឹក ។

ប្រទេសចិន មិនបានឆ្លើយតបបែបណានោះទេ ចំពោះការបើកធ្វើសមុទ្រយោធា របស់ប្រទេសសម្ព័ន្ធមិត្តចតុកោណនេះទេ ដែលជាទម្លាក់ គឺចិនមិនងាយនឹងប្រតិកម្មភ្លាមៗ ទៅលើបញ្ហាដែលបានកើតឡើងក្នុងតំបន់នោះទេ ។

ដើមចមនាំអោយកើតរឿង

ពាក់ព័ន្ធនឹងសមយុទ្ធយោធារួមគ្នា របស់សម្ព័ន្ធមិត្តចតុកោណនេះដែរ វិទ្យាស្ថានសិក្សាពិភពលោក World Studies របស់ប្រទេសជប៉ុន បានអោយដឹងថា ដើមចមដែលនាំអោយមានលំហាត់សឹកនេះ គឺដោយសារប្រទេសជប៉ុន នៅមានជម្លោះជាមួយប្រទេសចិន ក្នុងសមុទ្រចិនខាងកើតនៅឡើយ ។

ប្រភពដដែលបានបន្តថា ប្រទេសមហាអំណាចអាស៊ីទាំងពីរ មានជម្លោះដណ្តើមកម្មសិទ្ធិកាន់កាប់ប្រជុំកោះ ដែលខាងភាគីជប៉ុនហៅឈ្មោះថា Senkaku និងខាងភាគីចិនហៅថា កោះ Diaoyu នៅសមុទ្រចិនខាងកើត ដោយជប៉ុនបានអះអាងថា ជារបស់ខ្លួន ហើយខាងចិន ក៏បានអះអាងថា ជាកម្មសិទ្ធរបស់ខ្លួនដែរ ។

ខណៈដែលចិនបានបញ្ជូននាវាចម្បាំង ឬនាវាល្បាតទៅកាន់កោះនៅសមុទ្រចិនខាងកើតមួយនេះ ប្រទេសជប៉ុនតែងតែថ្កោលទោស និងរិះគន់ចិនពីបទឈ្លានពានដែនទឹកជប៉ុន ហើយខាងភាគីចិនក៏ដូចគ្នាដែរ គឺតែងតែគម្រាមជប៉ុន មិនអោយធ្វើដំណើរចូលទៅកាន់កោះនោះ ដោយអះអាងពីកម្មសិទ្ធិប្រហាក់ប្រហែលគ្នា ៕
ដោយ ៖ អ៊ី ជិន

To Top