ព័ត៌មានជាតិ

តុលាការ ដោះលែង កញ្ញា មាន ពេជ្ររីតា ឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន

ភ្នំពេញ ៖ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រម បានចេញដីកាបង្គាប់ឲ្យដោះលែងពិធីការិនីទូរទស្សន៍MY TV កញ្ញា មាន ពេជ្ររីតានៅក្រៅឃុំជាបណ្តោះអាសន្នតាមការស្នើសុំរបស់ ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។

កញ្ញាត្រូវបានឃាត់ខ្លួននាថ្ងៃ៩ឧសភា ហើយនៅថ្ងៃ១៣ ឧសភា ត្រូវបានឲ្យនៅក្រៅឃុំ ដោយស្ថិតនៅក្រោមការពិនិត្យពីបទ “លួចមានស្ថានទម្ងន់ទោស” ។ នេះបើយោងតាមសេចក្ដីសម្រេច របស់សាលា ដំបូងរាជធានីភ្នំពេញ ។

កញ្ញា មាន ពេជ្ររីតាត្រូវបានគេដឹងថា មានជំលោះជាមួយឧកញ៉ាហេង សៀ ។ ករណី មាន ពេជ្ររីតាត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីថ្ងៃ១២ ឧសភា ក្រោយឃើញវិដេអូរបស់ កញ្ញា យំត្អូញត្អែររៀបរាប់ពីការបៀតបៀនរាងកាយនាងពីសំណាកលោក ឧកញ៉ា កាលពីថ្ងៃ៤ ឧសភា ។ មុនឈានដល់ការធ្លាយវិដេអូរបស់កញ្ញារូបស្រស់នេះ គឺលោក ឧកញ៉ា ហេង សៀ បានប្តឹងកញ្ញាមាន ពេជ្ររីតា លួច ទូរស័ព្ទ និងចាក់ខ្លួន២កាំបិទ ហើយពិធីការិនីនេះ ក៏បានប្តឹងវិញថា លោកឧកញ៉ា បៀតបៀនផ្លូវភេទនៅក្នុងរថយន្ត ។

ជាមួយគ្នានេះ លោក គឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃ១២ ឧសភា បានស្នើឲ្យស្ថាប័នតុលាការយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿង ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ ដល់ភាគីពាក់ព័ន្ធ ៕

To Top