ព័ត៌មានជាតិ

លោក សុខ ទូច ៖ ក្មាន់កាំភ្លើង តាមបាញ់មន្ត្រី ឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ភ្នំពេញ ៖ កាលពីម៉ោង ៨យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មានក្មាន់កាំភ្លើង បានតាមបាញ់ មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កៀកនឹងស្នាក់ការឧទ្យានចំនួន ២គ្រាប់ ប៉ុន្តែមិនបានត្រូវមន្រ្តីនោះទេ ។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុក លោក សុខ ទូច នៅថ្ងៃទី១៣ ឧសភា ។

លោក សុខ ទូច បានបញ្ជាក់ថា «ក្រោយពីយើងបានចាប់ឈើ ជាបន្តបន្ទាប់នៅថ្ងៃទី១០-១១ រួចមក នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨នាទីយប់ មានក្មាន់កាំភ្លើងបានតាមបាញ់ មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កៀកនឹងស្នាក់ការឧទ្យានចំនួន២គ្រាប់ តែគ្រាប់ទីពីរមិនផ្ទុះទេ ហើយមិនត្រូវមន្ត្រីឧទ្យានរបស់យើងទេ ។ ទំនងជាប្រភេទកាំភ្លើងកែច្នៃ ព្រោះនៅកន្លែងកើតហេតុនោះ មិនមានបន្សល់សំបកផ្ទុះ (ឡតគ្រាប់)ទេ» ។

លោកបន្តថា សកម្មភាពនេះ ជាការគម្រាម និងបំបាក់ស្មារតីមន្ត្រីឧទ្យាន តែយ៉ាងណាលោកអះអាងថា មិនខ្លាចទេ ផ្ទុយទៅវិញនឹងបន្តធ្វើការងារទៀត។ ក្រោយហេតុការណ៍នេះ ក្រុមការងារឧទ្យាន បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីធ្វើកំណត់ហេតុ ៕

To Top