ព័ត៌មានជាតិ

រកឃើញ នាវាចម្បាំងមួយទៀត ជាប្រភេទនាវា សឹកកងទ័ព លន់ ណល់ ក្នុងទន្លេ នៅឃុំបឹងគ្រំ ស្រុកល្វាឯម

ភ្នំពេញ ៖ ក្រោយរកឃើញ និងស្រងនាវាចម្បាំង កាលពីសម័យសង្គ្រាមឡើង មកលើគោក ដោយជោគជ័យ ឥឡូវកម្លាំងជំនាញ បានរកនាវាចម្បាំងមួយទៀត គឺជាប្រភេទនាវា សឹករបស់កងទ័ព លន់ ណុល ក្នុងទន្លេ ស្ថិតនៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃ១៤ ឧសភា ក្នុងឱកាសសម្តេច ចាត់ឲ្យលោកនាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករង ខុទ្ទកាល័យសម្ដេច ជួបសំណេះសំណាល ជាមួយក្រុមការងារប្រតិបត្តិការ បោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងលិច ក្នុងទន្លេ នៅការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រំ ។

ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមការងារប្រតិបត្តិការ សម្ដេច ស ខេង ក៏បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនក្រុមការងារប្រតិបត្តិការ ជាក់ស្ដែង ក្នុងម្នាក់ៗ ទទួលបានថវិកា ១លានរៀល ជារៀងរាល់ខែ ចាប់ពីខែឧសភានេះ រហូតដល់ខែធ្នូ ឆ្នាំ២០២១ ។

ផ្ទាំងពាណិជ្ជកម្ម

សម្រាប់ការដ្ឋានទី២នេះ ក្រុមការងារបានស្រាវជ្រាវ និងទទួលបានលទ្ធផលថា នាវាចម្បាំង ដែលបានលិច កាលពីសម័យសង្គ្រាមនោះ គឺជាប្រភេទនាវាសឹក របស់កងទ័ព លន់ ណល់ ដែលមានចំណុះប្រមាណ៨០០តោន ហើយអ្នកស្រុកហៅថា ប្លង់តុង ។

សូមរម្លឹកថា ក្រុមការងារទើបបានបោសសំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រកបដោយជោគជ័យ កាលពីពេលថ្មីៗនេះ ដោយស្រង់គ្រាប់យុទ្ធភណ្ឌ បានជាង១៦តោន រួមទាំងសម្ភារៈសឹក បំណែកឆ្អឹងសព និងស្រង់នាវាឡើង មកលើគោកជាស្ថាពរ ក្នុងកិច្ចប្រតិបត្តិការរយៈពេល៦ខែ ៕

To Top
×