ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់រាល់ការរំលោភ យកដោយខុសច្បាប់ ដីព្រៃលិចទឹក

កំពង់ចាម៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់ចេញនូវបទបញ្ជា ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើការទប់ស្កាត់ រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរ ដោយខុសច្បាប់ ដីព្រៃលិចទឹក ។

លោកអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជានេះ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្ត ក្នុងកិច្ចប្រជុំដោះស្រាយ ករណីទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក ដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ទៅកាន់អង្គប្រជុំនាឱកាសនោះថា ដីព្រៃលិចទឹកគឺជាជម្រក (សម្បុក) ត្រីពង នៅរដូវទឹកលិច និងជាតំបន់ជីវចម្រុះ ដែលត្រូវអភិរក្ស ។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលខេត្ត បានរំលឹកថា កន្លងមករដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយ ព្រមទាំងបានចុះត្រួតពិនិត្យជាប់ជាប្រចាំ និងបានទប់ស្កាត់រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរដោយខុសច្បាប់ ព្រោះដីព្រៃលិចទឹក ជាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ ព្រមទាំងមានសារ:សំខាន់ ក្នុងការបម្រើផលប្រយោជន៍ ដល់បងប្អូនប្រជាសហគមន៍ និងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

ប៉ុន្តែទន្ទឹមនេះ ដីព្រៃលិចទឹក ក៏នៅតែមានជនខិលខូចមួយចំនួន បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីប្រែក្លាយដីតំបន់នោះ មកជាកម្មសិទ្ធិឯកជនទៅវិញ ។

To Top
×