ព័ត៌មានជាតិ

កម្ពុជា-អូស្ដ្រាលី ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិ្តការគ្រប់វិស័យ

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួង ពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នា បង្កើនទំហំពាណិជ្ជកម្ម ដើម្បីលើកកម្ពស់កិច្ច សហប្រតិ្តការលើវិស័យ ពាណិជ្ជកម្ម និងគ្រប់វិស័យពាក់ព័ន្ធ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Pablo Kang នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ លោក ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណចំពោះ អូស្រ្តាលី ដែលបន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា និងវិស័យពាក់ព័ន្ធនានា។

ក្នុងនោះ ភាគីទាំងពីរ បានបញ្ជាក់ថា «ប្ដេជ្ញាចិត្ត បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី លើកម្ពស់កិច្ចសហប្រតិ្តការ លើវិស័យពាណិជ្ជកម្ម និងគ្រប់វិស័យពាក់ព័ន្ធ ជាពិសេស ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ»។

ជាងនេះទៅទៀត លោករដ្ឋមន្រ្ដី ពាណិជ្ជកម្ម បានឱ្យដឹងថា អូស្ត្រាលីនឹងចាប់ផ្តើមដាច់ចេញនូវគំនិតផ្តួចផ្តើមជំរុញ ការប្រើប្រាស់ឯកសារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) ដើម្បីសម្រួល ឱ្យការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ សំដៅលើកកម្ពស់ភាពធន់ នៃខ្សែច្រវាក់ពាណិជ្ជកម្ម និងជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនេះ ។

ដោយទ្បែក្នុងក្របខ័ណ្ឌទ្វេភាគី ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរ យោបល់ និងពិភាក្សាលើការ បន្តអនុវត្តគម្រោងអភិវឌ្ឍន៍ ពាណិជ្ជកម្មក្រោមជំនួយ របស់អូសា្រលី រួមមាន ការពង្រឹង និងការកសាងសមត្ថភាព មន្រ្តីពាណិជ្ជកម្ម ការអភិវឌ្ឍនិងកសាងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ការបន្តអនុវត្តកម្មវិធីខ្សែសង្វាក់ តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងការជំរុញការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេទ្បិចត្រូនិក ជាដើម៕

To Top