នយោបាយ

អ្នកនយោបាយ-អ្នកវិភាគ៖ យុទ្ធនាការលក់ប័ណ្ណនាឡិកា សម រង្ស៊ី ល្អតែសម្រាប់ សម រង្ស៊ី ទេ (Video)

ភ្នំពេញ៖ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស បានប្រកាសបើកយុទ្ធនាការ លក់ប័ណ្ណនាឡិកាសម រង្ស៊ីតម្លៃ ៥ដុល្លារនោះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោក គឹម សុខ ដែលជាអ្នកវិភាគស្ថានការណ៍ នយោបាយកម្ពុជាបានលើកឡើងស្រដៀងគ្នាថា យុទ្ធនាការនេះគឺល្អសម្រាប់តែលោក សម រង្ស៊ី ប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋទេ ។

លោក សុខ ឥសាន បានលើកឡើងតាមរយៈ បណ្តាញតេឡេក្រាមនាថ្ងៃ១៨ ឧសភាថា “ការទិញប័ណ្ណនាឡិកាទណ្ឌិត មេឧទ្ទាមក្រៅច្បាប់ល្អសម្រាប់ទណ្ឌិតមេបោក តែអាក្រក់សម្រាប់អ្នកចាញ់បោក”។

ចំណែក លោក គឹម សុខ ពីក្រៅប្រទេសមកវិញបានថ្លែងដែរថា លោក សម រង្ស៊ី បើចង់លេងតទល់នឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាគួរលេងឲ្យធំ និងដោយពលីកម្មខ្ពស់ ទើបអាចរកប្រយោជន៍ជូនពលរដ្ឋ កុំលេងតូចតាចសកញ៉ក ។ លោកថា បើផ្សាយចោលឲ្យតែឮៗ គឺគ្មានប្រយោជន៍។

លោកសង្កត់ធ្ងន់ថា “ខ្ញុំគិតថា លោក សម រង្ស៊ី គួរបង្ហាញសមានចិត្តឲ្យទូលំទូលាយជាងនេះ លើសពីនិមិត្តរូបគំរូវិភាគទាន លក់នាឡិកាតម្លៃ៥ដុល្លារ ទើបវាទៅជាឥរិយាបថ ហួសពីការលេងសើចពេក ក្នុងនាមជាមេដឹកនាំនយោបាយកំពូលម្នាក់” ។

សូមបញ្ជាក់ថា លោក សម រង្ស៊ីបានប្រកាសបើកលក់ប័ណ្ណនាឡិកាក្នុងតម្លៃ ៥ ដុល្លារ១សន្លឹក ដើម្បីរួមចំណែកប្រមូលថវិកា ពីការលក់ប័ណ្ណនេះជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការលំបាកក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក សម រង្ស៊ី ថ្លែងថា«ខ្ញុំនឹងដោះនាឡិកាខ្ញុំ ៤-៥ដុល្លារ អ្នកណាចង់ទិញខ្ញុំលក់ឲ្យ… ជានិមិត្តរូប ជាកាយវិការមួយ ដើម្បីធ្វើជាគំរូឲ្យមនុស្សម្នាក់ៗ ដែលមានលទ្ធភាព ជាពិសេសជនជាតិខ្មែរដូចគ្នា ចេះលះបង់ផ្ដល់ជាវិភាគទានជួយប្រជាពលរដ្ឋ កំពុងតែដាច់បាយ»។

បើតាមហ្វេសប៊ុកលោក សម រង្ស៊ី គិតមកត្រឹមថ្ងៃ១៧ ឧសភាម៉ោង៦ល្ងាច នៅកម្ពុជាបានលក់ប័ណ្ណនាឡិកាជាង ១ម៉ឺនសន្លឹក ។ លោកថា ចំនួនប័ណ្ណដាក់លក់អត់មានកំណត់ទេ នឹងបន្តដាក់លក់រហូតដល់ថ្ងៃ ចាប់ឆ្នោតផ្សងសំណាង សម្គាល់លេខប័ណ្ណរបស់អ្នកដែល នឹងទទួលបាននាឡិកាលោក សម រង្ស៊ី ជានិមិត្តរូប នៅថ្ងៃ៦ មិថុនា ២០២១៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top