ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ពន្លឿនពង្រីកមណ្ឌល ចត្តាឡីស័ក ខណៈមានអ្នកឆ្លង ជំងឺកូវីដ-១៩ កើនឡើងបន្តបន្ទាប់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានសម្ដែងការព្រួយបារម្ភ ខណៈមានកម្មករ-កម្មការនី រោងចក្រ បានឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ចំនួនអ្នកឆ្លងកូវីដ-១៩ រយៈពេល១ថ្ងៃ មានចំនួន ៥២នាក់ ដែលជាតួលេខមួយខ្ពស់ សម្រាប់ខេត្តកំពង់ចាម ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២១ ក្នុងពិធីជួបសំណេះសំណាល ជាមួយគ្រូពេទ្យកងយោធពលខេមរៈភូមិន្ទ នៅមន្ទីរពេទ្យ ៧ D ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា មានរោងចក្រចំនួន ៤ មានកម្មករសរុបប្រមាណជា ២ម៉ឺននាក់ កំពុងតែប្រឈម នឹងការចម្លងជំងឺកូវីដ-១៩ នេះ ព្រោះជាកន្លែងជួបជុំ ហើយក៏ជាប្រភពនៃការធ្វើឱ្យមានឆ្លងជំងឺកូវីដ-១៩ ច្រើនផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត ក៏បានសម្រេចបិទដោយផ្នែកនៃរោងចក្រ ២ ដោយឡែករោងចក្រ២ទៀត ត្រូវបានផ្អាកដំណើរការរយៈពេល ១៤ ថ្ងៃ ។

លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា បច្ចុប្បន្នអាជ្ញាធរ កំពុងធ្វើការ ប្រមូលអ្នកដែលពាក់ព័ន្ធ យកមកធ្វើ (តេស្តរហ័ស ) ដើម្បីស្វែងរកលទ្ធផល អ្នកឆ្លងកូវីដ-១៩ បន្តទៀត ។ ហើយការកើនឡើង ជាបន្តបន្ទាប់ នៃជំងឺកូវីដ-១៩នេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាធ្វើឲ្យអាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យកាន់តែមមាញឹក ដើម្បីដោះស្រាយទុក្ខកង្វល់នោះ ជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា បន្ទាប់ពីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យកងយោធពលខេមរៈភូមិន្ទ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ ចុះពិនិត្យតាមបណ្ដា ស្រុកមួយចំនួន ដើម្បីពន្លឿនអាជ្ញាធរមូលដ្ឋាន ក្នុងការពង្រីកមណ្ឌលធ្វើចត្តាឡីស័ក បន្ថែម និងពង្រឹងការងារតាមវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នេះ ។

To Top