ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សោកស្ដាយ ចំពោះការឆ្លង​​រាលដាល ជំងឺកូវីដ១៩​ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងការសោកស្ដាយ ចំពោះការកើតឡើង នៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយ សម្ដេច ចាក់ទុកថា ជាមហរាន្ដរាយ ដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា។

ក្នុងសន្និសីទអន្តរជាតិ លើកទី២៦ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដ តួនាទីរបស់អាស៊ី ក្នុងការស្តារពិភពលោកឡើងវិញ» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឱ្យ ដឹងថា កម្ពុជាបន្ដស្វែងរកវ៉ាក់សាំង ជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដែលរហូតមកដល់ពេលនេះ ចាក់ប្រជាពលរដ្ឋ ជាង​​២លាននាក់ ស្មើនឹង២១% នៃចំនួនប្រជាជន ១០លាន ដែលត្រូវចាក់វ៉ាក់សាំង។

សម្ដេចតេជោ បន្ដថា យុទ្ធសាស្ដ្រចាក់វ៉ាក់សាំង នៅកម្ពុជា គឺប្រកាន់យកយុទ្ធសាស្ដ្រ «ផ្ការីក» តាមរយៈចាក់ស្រោចទីក្រុង ភ្នំពេញរួច ទើបចាក់តាមបណ្ដាខេត្តនានា របស់កម្ពុជា។

សម្ដេចតេជោ សង្ឃឹមថា វិធានការចាក់វ៉ាក់សាំងនេះ នឹងកាត់បន្ថ យអ្នកឆ្លង និងអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «យើងខ្ញុំ មានការសោកស្ដាយ ជាមួយនឹងការកើតឡើង នូវមហរាន្ដរាយ យើងខ្ញុំចាក់ទុកថា គឺជាមហរាន្ដរាយដ៏ធ្ងន់ធ្ងរ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាលថ្មីរបស់យើង»។

សម្ដេចតេជោ បន្ថែមថា ទោះបីសេដ្ឋកិច្ចសកល ឆ្នាំ២០២១នេះ ត្រូវបានរំពឹងថា នឹងងើបឡើងវិញក៏ដោយ សកលលោកនៅតែប្រឈម នឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យ ពីរលកថ្មីនៃជំងឺកូវីដ-១៩ និងការបំប្លែងខ្លួនថ្មី នៃ វីរុសកូរ៉ូណា ដែលមានសភាព កាន់តែកាចសាហាវ និងស្រួចស្រាល់ ដែលអាចនឹង បន្តរំខានដល់ជវភាព សេដ្ឋកិច្ចសកល។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៣,៦៩៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ១៥,៧០០នាក់ និងស្លាប់ ចំនួន១៦៤នាក់៕

To Top