ព័ត៌មានជាតិ

អាជ្ញារខេត្តសៀមរាប រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ទៀត នៅថ្ងៃនេះ

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ ។

តាមរយៈសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ខាងលើរួមមាន៖

១- ឈ្មោះ ញឹម អូន ភេទប្រុស អាយុ ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាអ្នកបើកបររថយន្តក្រុង ពីរាជធានីភ្នំពេញ មកដល់ខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។ ឈ្មោះ ញឹម អូន បានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ចាប់តាំងពីពេលដែលគាត់ មកដល់ខេត្តសៀមរាប ដោយសារ មានអ្នករួមដំណើរ ក្នុងរថយន្តមានវិជ្ជមាន ជំងឺកូវីដ-១៩។

២- ឈ្មោះ វឿន តូ ភេទប្រុស អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅភូមិតាសុខ ឃុំសែនសុខ ស្រុកក្រឡាញ់ បានធ្វើដំណើរមកពីទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានតម្រូវឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ និងយកសំណាកធ្វើតេស្តស្រាវជ្រាវដោយទទួល បានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។

សូមបញ្ចាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៣៦នាក់ ស្លាប់២នាក់ និង៤៦នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប៕

To Top