ព័ត៌មានជាតិ

វិភាគ: អ៊ីស្រាអែលចាយលុយ ជិត២០០លានដុល្លារ ទម្រាំមានបទឈប់បាញ់ ជាមួយប៉ាឡេស្ទីន 

បច្ចុប្បន្នភាព

Xinhua បានចុះផ្សាយថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល បានអនុម័តបទឈប់បាញ់ជាមួយក្រុម ហាម៉ាស់ បាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ ដោយបទឈប់បាញ់នេះមានរយៈពេល១១ថ្ងៃ គិតចាប់ពីម៉ោង២ព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភានេះ ។

ចាប់តាំងពីក្រោយម៉ោង២យប់ថ្ងៃសុក្រនេះ តំបន់ជាប់ព្រំដែនរវាងប្រទេសអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ហាក់មានលក្ខណៈស្ងប់ស្ងាត់ខុសពីរយៈពេលជាង១០ថ្ងៃមុន ដោយមិនលាន់លឺស្នូរគ្រាប់កាំភ្លើងផ្ទុះដូចជាកាលពីមុននោះទេ ។

ប្រធានាធិបតីរបស់ប្រទេសអេហ្ស៊ីប លោក Abdel Fattah al-Sisi គឺជាអន្តរការីសម្របសម្រួលអោយមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្រោយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានទទួលបរាជ័យក្នុងការស្វែងរកដំណោះស្រាយ ។ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីបនេះដែរ សហរដ្ឋអាមេរិក ក៏ជាតួអង្គសំខាន់ ក្នុងការដាក់សម្ពាធផ្នែកការទូតលើប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប៉ាឡេស្ទីន រហូតដល់ទទួលបានជោគជ័យ ។

ប្រមុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ប្រទេសចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស រួមទាំងប្រទេសជាច្រើនផ្សេងនៅជុំវិញពិភពលោក បានអបអរសាទរចំពោះបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីននេះ ។ សូម្បីតែប្រព័ន្ធផ្សព្វផ្សាយនានា ទាំងខាងប្រទេសអ៊ីស្រាអែល និងទាំងខាងក្រុមហាម៉ាស់ប៉ាឡេស្ទីន ក៏បានផ្សព្វផ្សាយអបអរសាទរចំពោះ បទឈប់បាញ់នេះដែរ ដែលក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នា ប្រព័ន្ធផ្សព្វផ្សាយភាគីទាំងពីរ បានផ្សព្វផ្សាយស្ទើរ២៤ម៉ោង អំពីការបាញ់គ្រាប់រ៉ូកែត កាំជ្រួចហ្វូង និងគ្រាប់មីស៊ីលពីក្រុមហាម៉ាស់ប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា និងការវាយប្រហារដោយមីស៊ីល និងការវាយប្រហារពីយន្តហោះចម្បាំងអ៊ីស្រាអែល ។
ទោះបីជាភាគីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន មានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានក្តីបារម្ភថា ប្រសិនបើមានភាគីណាមួយ រំលោភបំពាននឹងបទឈប់បាញ់ក្នុងរយៈពេល១១ថ្ងៃនេះ នោះសង្គ្រាមបង្ហូរឈាមនឹងកើតមានឡើងសាជាថ្មី ។

លោក Moussa Abu Marzouk មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកនយោបាយរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន បាននិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់នឹងគោរពអោយបាននូវបទឈប់បាញ់នេះ ប៉ុន្តែខ្លួនក៏មិនឈរមើលការរំលោភបំពានបទឈប់បាញ់ពីអ៊ីស្រាអែលដែរ ។
លោក Moussa Abu Marzouk បានបន្ថែមថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ នឹងអាចកំដរក្នុងសង្គ្រាមជាមួយប្រទេសអ៊ីស្រាអែលរហូតដល់ទីបញ្ចប់ ប្រសិនបើអ៊ីស្រាអែលអាចនឹងវាយប្រហារលើតំបន់ហ្កាហ្សាដោយបំពានលើបទឈប់បាញ់ ។

សូមបញ្ជាក់ជូនថា សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងរយៈពេល១១ថ្ងៃកន្លងមកនេះ បានបណ្តាលអោយប្រជាពលរដ្ឋប៉ាឡេស្ទីន រួមទាំងក្រុមសកម្មប្រយុទ្ធរបស់ក្រុមហាម៉ាស់ចំនួន ២៣២នាក់ បានបាត់បង់ជីវិត ។
ក្នុងចំណោមជនជាតិប៉ាឡេស្ទីនទាំង២៣២នាក់នោះ គឺមានកុមារ៦១នាក់ មានស្ត្រី និងមនុស្សចាស់ផងដែរ ដែលបានបាត់បង់ជីវិតដោយសារការបាញ់គ្រាប់មីស៊ីល និងការទម្លាក់គ្រាប់បែកតាមយន្តហោះចម្បាំងរបស់ប្រទេសអ៊ីស្រាអែល ។
កងកម្លាំងយោធាអ៊ីស្រាអែល បានបាញ់មីស៊ីល និងទម្លាក់គ្រាប់បែកតាមយន្តហោះបំផ្លិចបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតំបន់ហ្កាហ្សា ដែលខាងភាគីអ៊ីស្រាអែលបានលើកឡើងថា អគារទាំងនោះគឺជាការិយាល័យធ្វើការរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន ។ ក្រុមហាម៉ាស់ បានបាញ់គ្រាប់រ៉ូកែត គ្រាប់កាំជ្រូចហ្វូង និងគ្រាប់មីស៊ីល សម្លាប់ជនជាតិអ៊ីស្រាអែលអស់ចំនួន១២នាក់ គឺជាចំនួនមនុស្សស្លាប់តិចបំផុត បើប្រៀបធៀបនឹងមនុស្សចំនួន២៣២នាក់នៅខាងភាគីប៉ាឡេស្ទីន ហើយសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនៅខាងភាគីអ៊ីស្រាអែល ក៏មិនមានការខូចខាតច្រើនដែរ ។

ដើមចមនាំអោយកើតរឿង

លោក Abdel Fattah al-Sisi ប្រធានាធិបតីរបស់ប្រទេសអេហ្ស៊ីប បាននិយាយថា ដើមចមដែលនាំអោយមានបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន គឺដោយសារភាគីទាំងពីរទទួលរងផលប៉ះពាល់យ៉ាងដំណំ និងទន់ជង្គង់ដូចគ្នា ។
សង្គ្រាមរយៈពេល១១ថ្ងៃកន្លងមកនេះ ខាងភាគីអ៊ីស្រាអែលជាអ្នកមានប្រៀបនាំដាច់ខាងក្រុមហាម៉ាស់ប៉ាឡេស្ទីន ប៉ុន្តែអ៊ីស្រាអែលក៏បានចំណាយលុយច្រើនណាស់ដែរ ជាងខាងភាគីហាម៉ាស់ប៉ាឡេស្ទីន ។
ខាងអ៊ីស្រាអែលចំណាយច្រើនក្នុងសង្គ្រាម១១ថ្ងៃកន្លងមកនេះនៅត្រង់ថា អ៊ីស្រាអែលបានប្រើប្រាស់ប្រព័ន្ធខែលការពារមីស៊ីល Iron dome system ដើម្បីបាញ់ទម្លាក់គ្រាប់រ៉ូកែត គ្រាប់កាំជ្រូចហ្វូង និងគ្រាប់មីស៊ីលរបស់ក្រុមហាម៉ាស់ ។
ក្នុងសង្គ្រាមរយៈពេល១១ថ្ងៃ ក្រុមហាម៉ាស់បាញ់គ្រាប់រ៉ូកែត គ្រាប់កាំជ្រូចហ្វូង និងគ្រាប់មីស៊ីលប្រមាណជាង៤០០០គ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ហើយ៩០%នៃ៤០០០គ្រាប់ ត្រូវបានបាញ់កម្ទេចដោយប្រព័ន្ធខែលការពារមីស៊ីល Iron dome system ។
ប្រព័ន្ធខែលការពារមីស៊ីល Iron dome system មួយគ្រាប់ មានតម្លៃប្រមាណ៥លានដុល្លារអាមេរិក ដូច្នេះអ៊ីស្រាអែលត្រូវប្រើ Iron dome system ៣០០០គ្រាប់ដើម្បីបាញ់ទម្លាក់គ្រាប់រ៉ូកែត គ្រាប់កាំជ្រូចហ្វូង និងគ្រាប់មីស៊ីលរបស់ហាម៉ាស់ ។

គិតតែទៅលើការចំណាយប្រព័ន្ធខែលការពារមីស៊ីល Iron dome system អ៊ីស្រាអែលបាត់បង់ទឹកប្រាក់អស់ប្រមាណជិត២០០លានដុល្លារអាមេរិក ហើយប្រសិនបើសង្គ្រាមរវាងភាគីទាំងពីរបន្តទៅទៀត អ៊ីស្រាអែលរឹតតែចំណាយច្រើន ៕

To Top