ស្វាយរៀង៖លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ដើមអម្ពិលរសៀលថ្ងៃទី២២ ឧសភានេះថា ស្ថានភាពជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង បានកម្រើកឡើងវិញដោយសារ មានបុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែ ពីខេត្តស្វាយរៀងទៅផ្សារដើមគរ រាជធានីភ្នំពេញ ហើយបានឆ្លងជំងឺកូវីដ១៩ ដែលមានប្រពន្ធធ្វើការរោងចក្រនៅរោងចក្រយូលី១ តំបន់សេដ្ចកិច្ចពិសេសសានតុង ក្រុងបាវិត ធ្វើឱ្យចំនួនអ្នកឆ្លងបឋមរកឃើញចំនួន ៧៩នាក់ គិតត្រឹមរសផលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។
លោកបណ្ឌិត កែរ រដ្ឋា បានបន្តថា ពេលបុរសជាប្តីកម្មករនោះ គាត់មានបញ្ហាសុខភាព បានទៅពិនិត្យនៅមន្ទីរពេទ្យជីភូ ហើយបាន ទៅយកសំណាកនៅមណ្ឌលចត្តាឡីស័ក មីស្ទ័រសូ។ លុះដល់រកឃើញមានវិជ្ជមានទើបក្រុមការងារ បានយកប្រពន្ធគាត់ជាកម្មករធ្វើការនៅរោងចក្រ «យូលី» ទៅធ្វើតេស្តក៏មានវិជ្ជមានដូចគ្នា ហើយក្រុមការងារក៏បាន បន្តស្រាវជ្រាវដល់រោងចក្រតែម្តងទៅ។
លោកបណ្ឌិត កែរ រដ្ឋា បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ជាមួយបុរសដែលជាអ្នករកស៊ីដឹកបន្លែ និងប្រពន្ធដែលជាកម្មកររោងចក្រ ត្រូវប្រញាប់រួសរាន់មកធ្វើតេស្តរកជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា និងរួមគ្នាអនុវត្តវិធានការរបស់ ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធាន «៣ការពារ និង៣កុំ» បើមិនចាំបាច់កុំចេញក្រៅផ្ទះជាដើម ៕