Covid-19

អបអរសាទរ! កម្មករ ជាង១០០នាក់ នៅស្រុកអង្គស្នួល បានជាសះស្បើយពី ជំងឺកូវីដ-១៩

ភ្នំពេញ ៖ កម្មករ កម្មការិនី ចំនួន១១២នាក់ នៅមណ្ឌលព្យាបាលកូវីដ១៩ ចំនួន៤ ក្នុងស្រុងអង្គស្នួល ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឱ្យត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះ ក្រោយទទួលបានការព្យាបាលជាសះស្បើយ។

យោងតាមរដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា កម្មការិនី ចំនួន១១២នាក់ ស្រី៦៨នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ មកពីមណ្ឌលព្យាបាលចំនួន ០៤ រួមមាន៖
១.មណ្ឌលព្យាបាលកូវីដ១៩ ម៉ាស្ទ័រ&ហ្វ្រែង ចំនួន ៥១ នាក់ , ស្រី ៣៤ នាក់
២.មណ្ឌលព្យាបាល បឋម.កុយតិប ចំនួន ២២ នាក់ , ស្រី ១១ នាក់
៣.មណ្ឌលព្យាបាល វិ.ហស ថ្នល់ទទឹង ចំនួន ២៤ នាក់ ,ស្រី ១៤ នាក់
៤.មណ្ឌលព្យាបាល វិ.ហស អង្គស្នួល ចំនួន ១៥ នាក់ ,ស្រី ០៩ នាក់
សរុបរួម៖ ១១២ នាក់, ស្រី ៦៨ នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅក្នុងវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ស្ថិតនៅឃុំលំហាច ស្រុកអង្គស្នួល។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសចុះជួបសំណេះសំណាល និងជូនដំណើរបងប្អូនកម្មករ កម្មការិនី ខាងលើ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺ រហូតបានជាសះស្បើយ និងបន្តជាសះស្បើយជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

លោក ក៏បានផ្ដាំផ្ញើដល់បងប្អូនកម្មករកម្មការនី នៅពេលបានត្រលប់ទៅវិញ សូមបន្តនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងត្រូវត្រលប់មកវិញដើម្បីយកសំណាកធ្វើតេស្តម្តងទៀតក្នុងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃនេះ ហើយសូមធ្វើជាពលរដ្ឋគម្រូ ក្នុងការចូលរួមពន្យល់ ផ្សព្វផ្សាយអំពីវិធានអនាម័យនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ៖ ៣.ការពារ ៣.កុំ៕

To Top
×