ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការថ្មីៗបន្ថែម ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាល​ ជម្ងឺកូវីដ-១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកអ្នកជំងឺមកព្យាបាល ក្រោយពីពួកគាត់ធ្វើតេស្ត រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដោយមិនអាចទុកពួកគាត់ចោលឡើយ បើទោះជានៅទីណា ឆ្ងាយប៉ុណ្ណាក៏ដោយ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបន្ទាន់ ទាក់ទងទៅនឹងការដាក់ចេញ នូវវិធានការថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោកអភិបាលខេត្តបានថ្លែងទៀតថា រដ្ឋបាលខេត្ត និងក្រុមមន្ត្រីជំនាញ ពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តវិធានការ រដ្ឋបាលដដែល គឺបន្តច្បាមឱ្យជាប់ អ្នកសង្ស័យ ក្រោមយុទ្ធសាស្ត្រ ការស្រាវជ្រាវ និងការធ្វើតេស្ត ដែលកិច្ចការនេះ ប្រគល់ជូនឲ្យខាងមន្ទីរសុខាភិបាល និងមន្ទីរការងារ គឺផ្តោតជាសំខាន់ លើកម្មករ-កម្មការិនី តាមរោងចក្រសរុបទាំង ១៧កន្លែង ដែលមានចំនួនសរុប ប្រមាណ ៤០.០០០ នាក់នោះ។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលខេត្ត បានបញ្ជាក់ថា រាល់អ្នកដែលពាក់ព័ន្ធ ដោយផ្ទាល់ ក្រោយពីធ្វើតេស្ត រកឃើញវិជ្ជមាន ជំងឺកូវីដ ១៩ហើយ យើងត្រូវយកពួកគាត់ មកព្យាបាល គឺដាច់ខាតកុំទុកពួកគាត់ ចោលនោះឡើយ បើទោះជានៅទីណា ឆ្ងាយប៉ុណ្ណាក៏ដោយ ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ទន្ទឹមនឹងការរកឃើញវិជ្ជមាន កូវ៏ដ-១៩ នៅក្នុងខេត្តកំពង់ចាមជាបន្តបន្ទាប់នេះ អាជ្ញាធរក្រុង-ស្រុក ត្រូវត្រៀម រៀបចំមន្ទីរពេទ្យតាមបណ្តាស្រុក យ៉ាងហោចមួយមន្ទីរពេទ្យ ឲ្យបានចំនួន ១០គ្រែដែរ។

ចំណែករដ្ឋបាលខេត្ត មកដល់ពេលនេះ បានសម្រេចយកវិទ្យាល័យព្រះសីហនុ នៅក្រុងកំពង់ចាម សម្រាប់ធ្វើជាមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលៗ ។ ចំពោះអ្នកជំងឺធ្ងន់ៗ ត្រូវបញ្ជួនទៅព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម៕

To Top