ព័ត៌មានជាតិ

សប្ដាហ៍ទី៣ ខែឧសភា កម្ពុជាទទួលភ្ញៀវទេសចរ ជាង៥ម៉ឺននាក់

ភ្នំពេញ ៖ សប្តាហ៍ទី៣ នៃខែឧសភា ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា ទទួលភ្ញៀវទេសចរ ចំនួន៥២,៨៩១នាក់ កើនឡើង ៦.១១% បើធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះ មានភ្ញៀវជាតិ ៥២,២៤៧ នាក់ កើនឡើង ៥.៨៤% និងភ្ញៀវបរទេសផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង ១៣.៧៨%។

យោងតាមគេហទំព័ហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៤សប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យបើកដំណើរការរមណីយដ្ឋានទូទាំងប្រទេសឡើងវិញ ភ្ញៀវសរុបមានចំនួនប្រមាណ ១៣១,៤៩០ នាក់។

លោក កត់សម្គាល់ថា ចលនាភ្ញៀវទេសចរនេះ មិនមានការប្រែប្រួលខ្លាំងទេធៀប នឹងសប្តាហ៍កន្លងមក ពោលគឺភ្ញៀវភាគច្រើន នៅតែជាភ្ញៀវក្នុងខេត្តនៅឡើយ ហើយភ្ញៀវទេសចរ ពីភ្នំពេញនៅមិនទាន់ មានចំនួនច្រើននៅឡើយ។

លោក បន្តថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ នៅតែបន្តខិតខំយកចិត្តទុកដាក់ គោរពអនុវត្តនូវគោលការណ៍ ៣កុំ ៣ការពារ យ៉ាងខ្ជាប់ខ្ជូន ។ ព្រមជាមួយនោះ ក៏មានរមណីយដ្ឋានខ្លះបានដាក់ចេញនៅគោលនយោបាយ បញ្ចុះតម្លែសេវាមួយចំនួន ដើម្បីលើកទឹកដល់ទេសចរ ដែលបានទទួលការចាក់ វ៉ាក់សាំងរួចរាល់ផងដែរ ដូចជា រមណីយដ្ឋានវីគិរីរម្យ (Vkirirom) ក្នុងខេត្តកំពង់ស្ពឺ (បញ្ចុះតម្លៃ ២៥% សម្រាប់បន្ទប់ស្នាក់នៅ) រមណីយដ្ឋានកន្លែងបាញ់ធ្នូបន្ទាយជ័យ ៨០២ ក្នុងខេត្តសៀមរាប (បញ្ចុះតម្លៃ ២០% សម្រាប់ការបាញ់ធ្នូ និង ១០% សម្រាប់ការទទួលអាហារ) ជាដើម៕

To Top