Covid-19

អាជ្ញាធរ សហការជាមួយ ក្រុមការងារកងទ័ព សម្រុកចាក់វ៉ាក់សាំង ជូនពលរដ្ឋ ក្នុងអតីតតំបន់ក្រហម បានជាង​ ៧៦ម៉ឺននាក់

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងទ័ព និងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ខណៈដែលអតីតតំបន់ក្រហម នៅក្នុងខណ្ឌចំនួន ៤ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញ ចាក់ជូនបងប្អូនប្រជាពលរដ្ឋ បានប្រមាណជាង ៧៦ម៉ឺននាក់ហើយ ទាំងដុសទី១ និងដុសទី២ គិតត្រឹមថ្ងៃទី២៣ឧសភា។

ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន គឺនឹងចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ នូវការរីករាលដាល នៃជំងឺកូវីដ-១៩នេះ ។ ពាក់ព័ន្ធនឹងតំបន់លឿង នៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ រាជធានីភ្នំពេញ សហការជាមួយកងទ័ព និងក្រុមគ្រូពេទ្យ បានធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ដោយចាប់ផ្តើម កាលពីថ្ងៃទី១៨ ឧសភា ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២១ ដែលមានរហូតដល់ ២០ទីតាំង ។

ក្នុងនោះដែរ នៅថ្ងៃទី២៣ ឧសភា អាជ្ញាធររាជធានី បានចេញសេចក្តីជូនដំណឹង ពីការសហការជាមួយកងទ័ព និងក្រុមគ្រូពេទ្យធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌចំនួន៣ទៀត គឺខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ដោយចាប់ផ្តើម នៅថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី៧ មិថុនា ឆ្នាំ២០២១ ដែលមានចំនួន២០ទីតាំងដូចគ្នា ។

នៅគ្រប់ទីតាំងរចាក់វ៉ាក់សាំង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តែងចុះពិនិត្យមើលជាប្រចាំ និងបានណែនាំ ដល់អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែលត្រូវទៅទទួលយក វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ត្រូវរក្សាឱ្យបានជាដាច់ខាត នូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរចៀសវាងការឈរប្រជ្រៀតគ្នាកៀកគ្នា ណែនណាន់តាន់តាប់ ។ ត្រូវប្រកាន់ខ្ជាប់ការចូលរួម អនុវត្តនូវ វិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ » របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ឈរលើស្មារតី ស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្តាច់ និងលុបបំបាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៅ រាជធានីភ្នំពេញ ឱ្យបានឆាប់នាពេលខាងមុខនេះ៕

To Top