Covid-19

រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំជំរុញ ការចាក់វ៉ាក់សាំង ជូនពលរដ្ឋ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា អំពីយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅទីបញ្ជាការ កងពលតូចលេខ៧០ ដែលមាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានប្រតិបត្តិ យុទ្ធនាការជាតិចាក់វ៉ាក់សាំង កូវីដ-១៩ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិបាលរងរាជធានីភ្នំពេញ និងបណ្តាអង្គភាព ពាក់ព័ន្ធមួយចំនួនទៀត ។

ក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ នាងផាត បានលើកឡើងថា ត្រូវដាក់ផែនការបង្កើនទីតាំង ដើម្បីពន្លឿនការចាក់វ៉ាក់សាំង ម្ជុលទី២ និងសិក្សាទីតាំង ក្នុងការបន្តចាក់វ៉ាក់សាំង ម្ជុលទី១ ទៅដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលមិនទាន់បានចាក់ វ៉ាក់សាំង ម្ជុលទី១ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ។

លោកនាយឧត្តមសេនីយ៍ ក៏បានកត់សម្គាល់ឃើញ ពីការប្រឹងប្រែងរបស់ក្រុមការងារ ចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារ យ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាល ជំងឺកូវីដ១៩ក្តី។ នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តដ៏មុះមុត របស់ក្រុមការងារចាក់វ៉ាក់សាំង និងថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារ ដើម្បីសម្រេចផែនការ របស់រាជរដ្ឋាភិបាល ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។

លោកនាយឧត្តមសេនីយ៍ នាងផាត អរគុណ ចំពោះទឹកចិត្តបងប្អូនកងទ័ព ដែលបានប្រឹងប្រែងអស់ពីបេះដូង ទោះបីលំបាក នឿយហត់ ឬតំបន់នោះប្រឈមការឆ្លងជំងឺ តែពួកគាត់មិនរុញរានោះឡើយ។

បើទោះបីជាយ៉ាងណា នាយឧត្តមសេនីយ៍ បន្តអំពាវនាវ និងរំលឹកដល់ក្រុមការងារ ចាក់វ៉ាក់សាំង និងអាជ្ញាធរមូលដ្ឋាន ចូលរួមសហការគ្នា ឱ្យបានល្អបន្ថែមទៀត ដើម្បីធ្វើឱ្យការងារ ចាក់វ៉ាក់សាំងនេះ បានកាន់តែលឿន និងមានប្រសិទ្ធភាព ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងម្ជុលទី២ រួចរាល់ ហើយបានទទួលប័ណ្ណវ៉ាក់សាំងកូវីដ១៩ ត្រូវថែរក្សាប័ណ្ណនេះ កុំឱ្យបាត់បង់ ដើម្បីប្រើប្រាស់ តាមការកំណត់ ឬភាពចាំបាច់ណាមួយ ទៅថ្ងៃខាងមុខផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top