ព័ត៌មានជាតិ

ពីថ្ងៃ២៦ ឧសភា ដល់១មិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់តិចទៅច្រើន លាយផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃ២៦ឧសភា ដល់ថ្ងៃ១ មិថុនា ឆ្នាំ២០២១ តំបន់មួយចំនួនរបស់កម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយលាយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ផងដែរ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកបានឲ្យដឹង ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់នៅប៉ែកខាងលើ នៃតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។

ជាមួយគ្នានោះខ្យល់មូសុងនិរតីខ្លាំងបក់លើកម្ពុជា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤ °C នៅថ្ងៃទី២៦-២៨ ឧសភា នៅបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបង្គួរទៅខ្លាំង បន្ទាប់ពីនោះនឹងមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ ។

ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានតុណ្ហភាពអប្បបរមាពី២៤-២៦ °C និងសីតុណ្ហភាពអតិបរមាពី ៣១-៣៣ °C នៅថ្ងៃទី២៦ – ២៨ ខែឧសភា ។ដោយផ្នែកមួយចំនួននៃ បណ្តាខេត្តស្ថិតនៅក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំដងរែក និងនៅខ្ពង់រាបជាប់និងប្រទេសវៀតណាម អាចមានភ្លៀងរាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង ។

ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពពី៣០-៣២ °C អាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ជាមួយនិងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕

To Top