ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យ សម្រុកចាក់វ៉ាក់សាំង ឲ្យពលរដ្ឋនៅតំបន់លឿង ក្នុងខណ្ឌ៣ទៀត ស្មើ២០ទីតាំង (Video)

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានសហការ ជាមួយក្រុមការងារ និងក្រុមគ្រូពេទ្យកំពុងសម្រុកចាក់វ៉ាក់សាំងឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់លឿង ចំនួន៣ខណ្ឌ បន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ។

ការបង្កើតឲ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងដល់ពលរដ្ឋរស់នៅក្នុងតំបន់លឿង៣ខណ្ឌបន្ថែមទៀតនេះ ធ្វើឡើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ចាប់ផ្តើមពីថ្ងៃ២៥ឧសភា ដល់៧ មិថុនាមានរហូតដល់ចំនួន ២០ទីតាំង ។

សូមរំលឹកថា គម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកំណត់ចាក់វ៉ាក់សាំង ឲ្យពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយមិនគិត ជាតំបន់លឿង លឿងទុំនោះទេ ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ។

ផ្ទាំងពាណិជ្ជកម្ម

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ឧសភានេះ គ្រប់ទីតាំងទាំង២០ ក្នុងខណ្ឌចំនួន៣រៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តនៃការចាក់វ៉ាក់សាំងនេះយ៉ាងរលូនរក្សាបាននូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ និងមិនឈរប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ តែងតែចុះពិនិត្យជាប្រចាំចំពោះទីតាំង នៃការចាក់វ៉ាក់សាំងមួយចំនួន ហើយនៅពេលចុះពិនិត្យម្តងៗ លោកអភិបាលតែងបាន ណែនាំដល់អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ ដោយត្រូវរក្សាបានជាដាច់ខាត នូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ។ ត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ » របស់សម្តេចតេជោ ដើម្បីឈានទៅកាត់ផ្តាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅរាជធានីភ្នំពេញឲ្យបានឆាប់នាពេលខាងមុខនេះ ។

គួរបញ្ជាក់ថា អតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញដែលរាជរដ្ឋាភិបាលបានឲ្យក្រុមគ្រូពេទ្យសម្រុកចាក់វ៉ាក់សាំងនោះ គិតត្រឹមថ្ងៃ២៤ ឧសភា បានចំនួន៧៧២៣២៣នាក់ហើយ សម្រាប់ដូសទី១ និងបានចំនួន ៣៨៥០៤៦នាក់ សម្រាប់ដូសទី២ ក្នុងខណ្ឌចំនួន៤គឺមានជ័យ ពោធិ៍សែនជ័យ កំបូល និងដង្កោ ៕

To Top