ព័ត៌មានជាតិ

មេហជីព គាំទ្រចំណាត់ការដ៏កម្រ របស់អភិបាល ខេត្តកំពង់ស្ពឺដែលបញ្ជា ឱ្យរុះរើផ្ទាំង ផ្សាយពាណិជ្មកម្មស្រាបៀ (Video)

ភ្នំពេញ៖ ក្នុងនាមជាប្រជាពលរដ្ឋ មានដើមកំណើត ជាអ្នកខេត្តកំពង់ស្ពឺនិងជា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏កម្រ របស់ អភិបាលខេត្តកំពង់ស្ពឺ ក្នុងការបញ្ជាឱ្យរុះរើ ឱ្យអស់នូវ ផ្ទាំង ផ្សាយពាណិជ្មកម្មស្រាបៀ នៅក្នុងភូមិសាស្រ្តខេត្តរបស់ខ្លួន។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ លោក ប៉ាវ ស៊ីណា បានលើកឡើងថា «ខ្ញុំ អ្នក កំពង់ស្ពឺ ៖ ខ្ញុំគាំទ្រយ៉ាងពេញទំហឹងដែល លោក អភិបាលខេត្តកំពង់ស្ពឺ បញ្ជាអោយរុះរើផ្ទាំងប៉ាណូស្រាបៀរទាំងអស់នៅក្នុងខេត្ត ចេញ ។ ហើយខ្ញុំ ក៏សូមស្នើអោយ អភិបាលខេត្ត ក្រុង ផ្សេងៗ យកគំរូ តាម លោក អភិបាល ខេត្តកំពង់ស្ពឺ ផងដែរ ។
ផ្ទាំងប៉ាណូស្រាបៀរ “ វាគ្មានសម្រស់អ្វីគួរអោយគយគុណ ហើយវាក៏មិនមែនជាប្រភពហិរញ្ញវត្ថុ ដ៏ក្រាសក្រែលអ្វីនោះដែរ»។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដោយទុកពេល ០១សប្ដាហ៍ សម្រាប់គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាកស្រាបៀ ក្នុងការរុះរើ ស្លាកសញ្ញាផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ។

រដ្ឋបាលខេត្តបញ្ជាក់ថា «ដើម្បីមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ជាពិសេសលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងរក្សាបានសោភណ្ឌភាព នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត សូមស្នើឱ្យ ម្នាស់អាជីវកម្មទាំងអស់ ក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀ នៅខាងមុខហាង ឬជាយីហោហាងគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយ នៅលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់អនុញ្ញាតបានកំណត់ ត្រូវធ្វើការរុះរើចេញជាបន្ទាប់ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។

ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាកស្រាបៀ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់វនិតិវិធីរដ្ឋបាលធ្វើការរុំរើ ដោយបន្ទុកចំណាយ និងរាល់ការខូចខាតគ្រប់ម្ចាស់អាជីវកម្មទាំងអស់ ជាអ្នកទទួលខុសត្រូវ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×