ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ក្រុមអង្គការសង្គមស៊ីវិល និងក្រុមប្រឆាំង គួរចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ជាជាងប្រកួតប្រជែងគ្នាដណ្តើមមុខមាត់ ប្រជាប្រិយភាព និងអំណាច។
នេះជាការថ្លែងរបស់លោកក្នុងកម្មវិធីសំឡេងការពិតដើម្បីប្រជាជន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «តើរដ្ឋាភិបាល សង្គមស៊ីវិល និងក្រុមប្រឆាំនៅកម្ពុជា គួរធ្វើអ្វីខ្លះ ក្នុងពេលដែលប្រទេសកំពុងប្រឈមនឹងគ្រោះថ្នាក់ ការឆ្លងរាលដាលកូវីដ-១៩ ។
លោក ជិន ម៉ាលីន បានលើកឡើងថា «នៅក្នុងសង្គមប្រជាធិបតេយ្យ សង្គមស៊ីវិល និងក្រុមប្រឆាំង គួរចូលរួមសហការជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ការពារអាយុជីវិតរបស់ពលរដ្ឋ ជាជាងប្រកួតប្រជែងគ្នា ដណ្តើមមុខមាត់ ប្រជាប្រិយភាព និងអំណាច ដើម្បីផលប្រយោជន៍នយោបាយរបស់ក្រុមគោលដៅណាមួយ»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៦,៣២៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១៩,០២២នាក់ និងអ្នកស្លាប់ចំនួន១៨៣នាក់៕