ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ណែនាំអភិបាលរាជធានី-ខេត្ត ពង្រឹងការធ្វើតេស្តរកកូវីដ លើអ្នកសង្ស័យ មកពីតំបន់មានហានិភ័ខ្ពស់

ភ្នពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ពង្រឹងអនុវត្តវិធានការធ្វើចត្តាឡីស័ក និងការធ្វើតេស្តកូវីដ-១៩ លើអ្នកសង្ស័យមកពីខេត្ត និងប្រទេសមានហានិភ័យខ្ពស់។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា «ខ្ញុំសូមជម្រាបជូន និងធ្វើការក្រើនរំលឹក ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត បន្តអនុវត្តនូវវិធានការឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយហេតុថា មានការកើនឡើងករណីវិជ្ជមានជារៀងរាល់ថ្ងៃ នៅបណ្តាប្រទេសជិតខាងរបស់យើង ហើយជាពិសេសពលករចំណាកស្រុកដែលត្រឡប់ ចូលមកវិញក៏មានការរកឃើញ ករណឺវិជ្ជមានច្រើនផងដែរ»។

លោក ក៏បានណែនាំឱ្យចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ពង្រីកការធ្វើតេស្តកូវីដ-១៩ លើអ្នកសង្ស័យ និងពលករមកពីខេត្តមានហានិភ័យខ្ពស់នៃប្រទេសជិតខាង ជាពិសេសប្រទេសថៃ។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានលើកឡើងថា ពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារការចម្លងជំងឺកូវី៥-១៩ ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យស្របតាមរបត់នៃ ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៦,៩៨៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១៩,៧៧២នាក់ និងអ្នកស្លាប់ ចំនួន ១៩០នាក់៕

To Top