ភ្នំពេញ៖ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ប្រចាំកម្ពុជា បង្ហាញចំណាប់អារម្មណ៍ចង់ សិក្សាស្វែងយល់បន្ថែមលើកិច្ចសហការ រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ ជាពិសេស ការងារគ្រប់គ្របសំរាម ទឹកស្អាត និងពង្រឹងសមត្ថភាពមន្ត្រី។

ក្នុងជំនួបពិភាក្សារងារជាមួយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោកស្រី Teo Lay Cheng បានថ្លែងថា «ចង់សិក្សាស្វែងយល់បន្ថែមនូវលទ្ធភាព ក្នុងការពង្រឹងកិច្ចសហការរវាង ប្រទេសទាំងពីរឲ្យកាន់តែប្រសើរ ជាពិសេស លើកិច្ចការងារគ្រប់គ្របសំរាម ទឹកស្អាត និងការពង្រឹងសមត្ថភាពមន្ត្រី»។

ជាមួយគ្នានេះលោកស្រី ឯកអគ្គរដ្ឋទូតក៏សង្ឃឹមថា នាពេលខាងមុខនេះ អាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធន៍រវាង កម្ពុជា-សិង្ហបុរី លើវិស័យសំខាន់ៗដូចជា៖ បរិស្ថាន នគរូបនីយកម្ម និងទូរគមនាគមន៍ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការលើកឡើងរបស់ ឯកអគ្គរដ្ឋទូត សិង្ហបុរី។ លោកបន្ដថា សក្តានុពលដែលសិង្ហបុរី បានសហការនិងគាំទ្រកម្ពុជានាពេលកន្លងមក គឺការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអប់រំសិក្សាធិការតាមរយៈ ការផ្តល់អាហារូបករណ៍ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ។ជាក់ស្តែង រដ្ឋាភិបាលសិង្ហបុរី ទើបតែបានផ្តល់អាហារូបករណ៍ដល់ មន្រ្តីជាយុវជនបន្តវេន ៤នាក់ ទៅសិក្សានៅសាលាគោលនយោបាយលីក្វាន់យូ សម្រាប់ក្រសួងបរិស្ថាន ផងដែរ ។

ជាងនេះទៅទៀត លោកក៏បានចែករំលែក បទពិសោធន៍របស់កម្ពុជា នៅក្នុងការរៀបចំរបាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់កម្ពុជា (Cambodian NDC Update) ក្នុងការអនុវត្ដអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច (LEDs) យុទ្ធសាស្ត្រ REDD+ ជាតិ និងបទពិសោធន៍ការចរចា ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត ៕
