ព័ត៌មានជាតិ

វគ្គបណ្ដុះបណ្ដាលស្តីពី “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន” ជូនដល់មន្ត្រីគ្រប់សាខា នៃប.ស.ស.

ភ្នំពេញ៖ លោក ម៉េង ហុង អគ្គនាយករងបេឡាជាតិ​ សន្តិសុខសង្គម (ប.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្តីពី “របបសន្តិសុខសង្គមផ្នែកប្រាក់សោធន” តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ជូនដល់ថ្នាក់ដឹកនាំ គ្រប់សាខា ប.ស.ស. ខេត្ត/ខណ្ឌ និងជនបង្គោល របស់នាយកដ្ឋានជំនាញ នៃ ប.ស.ស. ។

ថ្លែងនាឱកាស បើកវគ្គបណ្ដុះបណ្ដាលនេះដែរ លោកអគ្គនាយករង បានមានប្រសាសន៍ថា៖ នេះជាវគ្គបណ្ដុះបណ្ដាលលើកទី៣ ហើយ ដូចនេះថ្នាក់ដឹកនាំ គ្រប់សាខា ប.ស.ស. ខេត្ត/ខណ្ឌ និងជនបង្គោល គ្រប់នាយកដ្ឋានជំនាញទាំងអស់ នៃ ប.ស.ស. ត្រូវតែយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព ដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់សេវារបបសន្តិសុខសង្គម ជូនបងប្អូន ដែលជាសមាជិករបស់ខ្លួន ជាពិសេសស្វែងយល់ឱ្យបានកាន់តែច្បាស់ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីយកទៅអភិវឌ្ឍន៍លើការងារ ឱ្យកាន់តែប្រសើរ និងប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបន្តចែករំលែកចំណេះដឹង ទៅដល់មន្ត្រី និងបុគ្គលិករបស់ខ្លួន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដែលនេះជាមធ្យោបាយដ៏ល្អក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ឱ្យបានទាន់ពេលវេលា ទៅដល់សហគ្រាស គ្រឹះស្ថាន និងអង្គភាពពាក់ព័ន្ធទាំងអស់ ព្រមទាំងបន្ដផ្សព្វផ្សាយ ទៅកាន់សមាជិករបស់ខ្លួន ឱ្យយល់ដឹងបានកាន់តែច្បាស់ ពីអត្ថប្រយោជន៍ដែលពួកគាត់ ត្រូវទទួលបាន ពី ប.ស.ស.។

សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានធ្វើបទបង្ហាញ ដោយលោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិក សន្តិសុខសង្គម នៃ ប.ស.ស. ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)៕

To Top