ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ៖ បង្កប់កាមេរ៉ាក្នុងបន្ទប់គេង នៅសណ្ឋាគារ ឬផ្ទះសំណាក់ ជាអំពើល្មើសច្បាប់ រំលោភបំពានសិទ្ធិ និងជីវិតឯកជន

ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និង ជាអនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា បានថ្លែងថា ការបង្កប់កាមេរ៉ា ក្នុងបន្ទប់គេង នៅសណ្ឋាគារ ឬផ្ទះសំណាក់ ដើម្បីថតសកម្មភាព របស់ភ្ញៀវ ដែលចូលទៅសម្រាកនៅទីនោះ ជាទង្វើល្មើសនឹងច្បាប់ រំលោភបំពានលើសិទ្ធិ និងជីវិតឯកជន របស់អ្នកដទៃ។

លោកលើកឡើងបែបនេះ ក្រោយពី អ្នកនាង ដេនីក្វាន់ កាល ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ចេញរូបភាព និងវិដេអូ ដែលម្ចាស់សណ្ឋាគារ សមុទ្រមាស នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានបង្កប់កាមេរ៉ា ក្នុងបន្ទប់នាងជួលស្នាក់នៅ កាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែក្រោយកើតហេតុ ភ្លាម ម្ចាស់សណ្ឋាគារសមុទ្រមាស ឈ្មោះ ជា ណារី ភេទស្រី អាយុ ៤៨ ឆ្នាំមានទីកន្លែងកំណើត នៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ក៏ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការដាក់បង្កប់កាមេរ៉ា ក្នុងបន្ទប់សណ្ឋាគាររបស់ខ្លួន ព្រមទាំងបិទសណ្ឋាគារផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈសារតេឡេក្រាម នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានបញ្ជាក់ថា «ការបង្កប់កាមេរ៉ា ក្នុងបន្ទប់គេងនៅសណ្ឋាគារ ឬផ្ទះសំណាក់ ដើម្បីថតសកម្មភាព របស់ភ្ញៀវ គឺទង្វើនេះវាជាអំពើល្មើសនឹងច្បាប់ រំលោភបំពានលើសិទ្ធិ និងជីវិតឯកជនរបស់បុគ្គល ដែលការពារដោយច្បាប់» ។

យ៉ាងណាក៏ដោយ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានគូសបញ្ជាក់ថា ចំពោះការកំណត់ពីបទល្មើស និងទោសទណ្ឌនៃអំពើនេះ គឺតុលាការជាអ្នកសម្រេច ៕

To Top