ព័ត៌មានជាតិ

ប្រជាពលរដ្ឋ នៅភ្នំពេញ ជាង១០ម៉ឺននាក់ទៀត ទទួលបានការ ចាក់វ៉ាក់សាំង ការពារកូវីដ-១៩

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់ នៅក្នុងរាជធានីភ្នំពេញ ចំនួនជាង១០ម៉ឺននាក់ទៀតហើយ ដែលទទួលបានការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ កាលពីថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២១ ខណៈតួរលេខ នៃអ្នកចាក់វ៉ាក់សាំង កើនឡើង រហូតដល់ជាង១លាននាក់ហើយ ដោយគិតពីថ្ងៃទី១៨កុម្ភៈ មក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ តែងបានចុះធ្វើការត្រួតពិនិត្យ ទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញអោយ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់អោយបានលឿន ដើម្បីអោយការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាសម្រាប់ អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់ របស់រាជរដ្ឋាភិបាល ។

យោងតាមរបាយការណ៍ របស់រដ្ឋបាលរាជធានី បានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៦ឧសភានេះ ដំណើរការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ បានចំនួន ១ ៨២១ ៥៥៩នាក់ហើយ ខណៈដែលចំនួន អ្នកបានចាក់វ៉ាក់សាំង កាលពីថ្ងៃទី២៦ឧសភា មានចំនួន១០៦ ៧៧៤នាក់។

ផ្ទាំងពាណិជ្ជកម្ម

ប្រជាពលរដ្ឋ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានទទួលការចាក់វាក់សាំង ក្នុងថ្ងៃនេះ នៅវត្តវាលស្បូវ បានសម្តែងការអរគុណ ដល់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង មន្រ្តីសុខាភិបាល ដែលបានយកចិត្តទុកដាក់ ដល់ការចាក់វាក់សាំង ជូនពួកគាត់ ។

គួរបញ្ជាក់ថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១កន្លងទៅនេះ បានអះអាងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ មានវឌ្ឍនភាពល្អ និងសម្រេចបាន ប្រមាណជាង ២២ភាគរយហើយ។ ក្នុងខណ្ឌទាំង ៣ រួមមានខណ្ឌច្បារអំពៅ ខណ្ឌចំការមន និងខណ្ឌ ៧ មករា បើតាមស្ថិតិដែលទទួលបាន ពីសាលារាជធានីភ្នំពេញ មានអ្នកមកទទួលការចាក់វ៉ាកសាំង ចំនួន ២៦០,៥៨៣នាក់ ដែលចំនួននេះ បើគិតតាមវ៉ាក់សាំង ដែលកម្ពុជាទទួលបាន ១លានដូស កាលពីថ្ងៃទី ២៣កន្លងទៅ គឺវាអាចគ្រប់គ្រាន់ សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ ទាំង៣ខណ្ឌខាងលើនេះ៕

To Top