នយោបាយ

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលលើកទី២ នៃភាពជាដៃគូ សម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកល​ ឆ្នាំ២០៣០

ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់លោក មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និង គោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ ឧសភានេះ បានឲ្យដឹងថា ក្រោមមូលបទ«ការស្តារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន» សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា លើប្រធានបទ «ការស្តារបៃតងឡើងវិញ ប្រកបដោយ បរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩» នៅក្នុងសម័យប្រជុំកិច្ចសន្ទនា របស់ថ្នាក់ដឹកនាំ ដោយផ្តោតទៅលើទិដ្ឋភាពសំខាន់ៗ មួយចំនួន រួមមាន ១) ភាពចាំបាច់ក្នុងការកែសម្រួលគោល នយោបាយនិងធនធាន ដើម្បីអាចជម្នះដោយជោគជ័យ លើជំងឺរាតត្បាតកូវីដ-១៩២) ផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួល អាកាសធាតុ ទៅលើសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង ៣)សារៈ-សំខាន់ នៃការស្តារបៃតងឡើងវិញ សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចតេជោ ក៏នឹងចែករំលែកអនុសាសន៍ ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដ ដល់កិច្ចប្រជុំកំពូលផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

គួរកត់សម្គាល់ថា P4G ជាគំនិតផ្តួចផ្តើមសកល ដែលត្រូវបានដាក់ដំណើរនៅឆ្នាំ២០១៧ ។ គំនិតផ្តួចផ្តើមនេះ គឺជាវេទិកាពហុភាគី សម្រាប់រដ្ឋាភិបាល វិស័យធុរកិច្ច និងអង្គការសង្គមស៊ីវិល ធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ និងសម្រេចបានគោល ដៅអភិវឌ្ឍប្រកប ដោយចីរភាព តាមរយៈការផ្តល់នូវដំណោះស្រាយ ប្រកប ដោយនវានុវត្តន៍ ។ កិច្ចប្រជុំកំពូល P4G លើកទី២ នៅទីក្រុងសេអ៊ូល នឹងផ្តល់ឱកាសដល់សហគមន៍ អន្តរជាតិអាចបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងពិភពលោកដែលល្អប្រសើរ និងកាន់តែបៃតងឡើង ក្រោយវិបត្តិកូវីដ-១៩ ៕

To Top