ព័ត៌មានជាតិ

ថតរូបបុគ្គល នៅកន្លែងឯកជន គ្មានការអនុញ្ញាត​ ផ្តន្ទាទោសពី១ខែ ទៅ១ឆ្នាំ និងពិន័យ១០ម៉ឺនរៀល ទៅ២លានរៀល

ភ្នំពេញ ៖ អំពើថតរូបភាព នៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គល ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ២.០០០.០០០រៀល លើកលែងតែករណី ដែលច្បាប់អនុញ្ញាត ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅតាមបណ្ដាប្រទេសរីកចម្រើនមួយចំនួន សិទ្ធិឯកជនភាព និងកិច្ចគាំពារព័ត៌មាន ឬទិន្នន័យឯកជនមានសភាពរិតត្បិត និងតឹងរ៉ឹងខ្លាំង ព្រមទាំងមានការដាក់ទោស ទណ្ឌយ៉ាងធ្ងន់ធ្ងរ ក្នុងករណីមានការរំលោភបំពាន (ឧទាហរណ៍ ៖ ច្បាប់ការពារទិន្នន័យសហភាពអឺរ៉ុប General Data Protection Regulation – GDPR)។

នាយកដ្ឋានព័ត៌មានវិទ្យាបន្ដថា ចំពោះកម្ពុជាវិញ បច្ចុប្បន្នពុំទាន់អនុម័តច្បាប់ដាច់ដោយឡែកលើកិច្ចគាំពារទិន្នន័យ (Data Privacy/Protection) ប៉ុន្តែមានមាត្រាមួយចំនួនដែលមានស្រាប់ក្នុងរដ្ឋធម្មនុញ្ញ ក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌបានចែងគាំពារ ដូចជា៖ ទី១-រដ្ឋធម្មនុញ្ញ ,មាត្រា៤០ ៖ សេរីភាពក្នុងការដើរឆ្ងាយ ជិត និងតាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់ របស់ប្រជាពលរដ្ឋ ត្រូវបានគោរព។ ប្រជាពលរដ្ឋខ្មែរ អាចចេញទៅតាំងទីលំនៅប្រទេសក្រៅ ឬវិលត្រឡប់មកវិញបាន។ ការរក្សាសិទ្ធិមិនឲ្យ រំលោភលើលំនៅឋាន និងអាថ៌កំបាំង នៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមនាគមន៍ និងតាមទូរស័ព្ទ ត្រូវបានធានា។ ការឆែកឆេរលំនៅឋាន សម្ភារ: វត្ថុ និងលើរូបបុគ្គល ត្រូវធ្វើឲ្យស្របនឹងបញ្ញត្តិច្បាប់។

ទី២-ក្រមរដ្ឋប្បវេណី ,មាត្រា១០ ៖ សិទ្ធិបុគ្គល សំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬសិទ្ធិផ្សេងទៀត ដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណបុគ្គល។

ទី៣-ក្រមព្រហ្មទណ្ឌ ,មាត្រា៣០១ ៖ អំពើស្តាប់ ឬថតសំដីដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ២.០០០.០០០ រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះ បានទទួលដំណឹងអំពីការស្តាប់ ឬថត ហើយបុគ្គលនោះមិនបានជំទាស់ទេនោះ។

ដោយឡែក មាត្រា៣០២៖ អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ២.០០០.០០០ រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួល ដំណឹងអំពីការថតហើយបុគ្គលនេះមិនបានជំទាស់ទេនោះ។

ជាងនេះទៅទៀត ត្រង់មាត្រា៣១៤ ៖ បុគ្គលដែលកាន់កាប់ព័ត៌មានដែលមានលក្ខណៈអាថ៌កំបាំង ដោយមូលហេតុនៃស្ថានភាព មុខរបរ មុខងារ ឬបេសកកម្មរបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ២.០០០.០០០ រៀល ប្រសិនបើបុគ្គលនោះបង្ហាញព័ត៌មាននេះ ដល់បុគ្គលគ្មានសមត្ថកិច្ចដើម្បីដឹងព័ត៌មាននេះ។ មិនមែនជាបទល្មើសទេ ក្នុងករណីដែលច្បាប់អនុញ្ញាត ឬតម្រូវឲ្យបង្ហាញអាថ៌កំបាំង៕

To Top