ព័ត៌មានជាតិ

ទូតចិន ៖ ក្រោយបញ្ចប់ ជួសជុលផ្លូវជាតិលេខ៣ ចំណាយពេលជាង ១ម៉ោងប៉ុណ្ណោះ សម្រាប់ដំណើរពីភ្នំពេញ ទៅខេត្តមួយចំនួន

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ក្រោយបញ្ចប់គម្រោង ជួសជុលផ្លូវជាតិលេខ៣ ប្រជាពលរដ្ឋចំណាយពេល ជាង១ម៉ោងប៉ុណ្ណោះ សម្រាប់ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ដែលជាប់ឆ្នេរសមុទ្រ ។

តាមរយៈគេហទំព័រ ហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ផ្អែកតាមប្រភពព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងជួសជុលផ្លូវជាតិលេខ៣ ដែលជាហិរញ្ញប្បទានសម្បទាន របស់រដ្ឋាភិបាលចិន សម្រេចបាន៩៨.០៤% ហើយ នឹងធ្វើការត្រួតពិនិត្យលើកដំបូង នាពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ។

គម្រោងជួសជុលផ្លូវជាតិលេខ៣ ត្រូវបានចាប់ផ្តើមដំណើរការ សាងសង់កាលពីខែតុលា ឆ្នាំ២០១៨ ដែលមានប្រវែង សរុបជិត១៣៥គីឡូម៉ែត្រ។

ស្ថានទូតចិនក៏បានបញ្ជាក់ថា «បន្ទាប់ពីបញ្ចប់គម្រោង ខាងលើនេះ ចំណាយពេលតែ១ម៉ោង៤០នាទីតែប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ដែលជាប់ឆ្នេរសមុទ្រ»។

សូមរំលឹកថា គម្រោងពង្រីក និងលើកកម្រិត ផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ ទៅក្រុងកំពត ជិត១៣៥គីឡូម៉ែត្រ ត្រូវបានចែកជា២ដំណាក់កាល រួមមាន ៖ ដំណាក់កាលទី១- ពីចោមចៅ រាជធានីភ្នំពេញ ទៅ បែកគុស ខេត្តតាកែវ ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង កៅស៊ូ (AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង។

ដោយឡែក ដំណាក់កាលទី២- ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

សូមបញ្ជាក់ថា គម្រោងនេះ ចំណាយថវិកាប្រមាណ ២១៩ ៩១១ ០០០ ដុល្លារជាហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយ នឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ៕

To Top