នយោបាយ

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលយកសំណើ សម្ដេចតេជោ ទៅប្រាប់លោក Joe Biden រឿងកម្ពុជាជំពាក់បំណុល

ភ្នំពេញ ៖ លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ព្រមទទួលយកសំណើ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅប្រាប់ប្រធានាធិបតីមេរិក លោក Joe Biden រឿងបំណុលកម្ពុជាជំពាក់សម័យសង្គ្រាម។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោកស្រី Wendy R. Sherman បានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើនជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជា អនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅលើនាវាដោយប្រទេសដទៃទៀតមិនអនុញ្ញាតឱ្យចុះចតដោយសារបញ្ហាជំងឺកូវីដ១៩នោះ។

លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចតេជោ ហ៊ុន សែន អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលរួមមាន ទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់ សហរដ្ឋអាមេរិកលើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ លោកស្រី ផងដែរ ក្នុងឱកាសដែលលោកស្រី Wendy R. Sherman បានអញ្ជើញបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា នាពេលនេះ ជាពិសេសអ្វីដែលលោកស្រី បានលើកឡើង ដូចជាការដោះស្រាយបំណុល សម្ដេចតេជោ បានស្នើឲ្យសហរដ្ឋអាមេរិក ជាពិសេស លោកប្រធានាធិបតី Joe Biden ពិនិត្យពិចារណាដោះស្រាយ បំណុលដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖ ទី១- អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីឡើងវិញបន្តិចម្ដងៗ , ទី២- សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី១ភាគរយ និងទី៣-បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញ ទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

លើសពីនេះទៅទៀត សម្ដេចតេជោ ក៏ស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការលើការបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។

ជាការឆ្លើយតប អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនា យករដ្ឋមន្ត្រី រាល់កិច្ចសហប្រតិបត្តិការ ហើយអនុរដ្ឋមន្ដ្រីក៏សន្យាថា អ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ដែលជាសំណើនេះ អនុរដ្ឋមន្ដ្រីនឹងជម្រាបជូន លោក ប្រធានាធិបតី Joe Biden ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top