ព័ត៌មានជាតិ

រថយន្តដឹកកម្មករ រ៉េចង្កូតបុកដើមឈើ បណ្ដាលឲ្យ រងរបួសជាច្រើននាក់ នៅស្រុកឧដុង្គ

ភំ្នពេញ៖ នៅវេលាម៉ោង ៦ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារ រថយន្តដឹកក្រុមកម្មករ-កម្មការិនី បានរ៉េចង្កូតទៅបុកដើមឈើ នៅចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរងរបួសមនុស្សជាច្រើននាក់ ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច នគរបាលក៏កំពុងបានចុះ ទៅជួយសង្រ្គោះផងដែរ ។

តាមរយៈហ្វេសប៊ុកស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺបានរៀបរាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយខ្លួនឯងនៅលើផ្លូវលំ ត្រង់ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ។ រថយន្តដឹកកម្មករ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថុល ឆៃ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូង លុះដល់ចំណុចខាងលើ បានរ៉េចង្កូតទៅបុកដើមឈើ ។

តាមការបញ្ជាក់ពីកម្លាំងនគរបាល ក្រោយទទួលបានព័ត៌មានបានចុះ ទៅកាន់គោលដៅនិងបានជួយសង្រ្គោះបន្ទាន់ ក្នុងនោះកម្មករ-កម្មការិនីរងរបួសចំនួន២១នាក់ ស្រី៩នាក់ របួសធ្ងន់ចំនួន៦នាក់ ។

ប្រភពដដែលបន្ដថា បច្ចុប្បន្នជនរងគ្រោះបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យ បង្អែក ស្រុកឧដុង្គ ៕

To Top