ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញឲ្យបុគ្គលិកបម្រើការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន និងអាជីវកម្មដ្ឋានផ្សេងៗទៀត ត្រូវផ្តល់អត្តសញ្ញាណ មកឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរាល់ពេល សុំច្បាប់អនុញ្ញាតសម្រាកការងាររយៈ ពេលខ្លីដើម្បីវាយតម្លៃស្វែងរកពីការឆ្លងជំងឺកូវីដ១៩ជូនពួកគាត់ ។
តាមរយៈសេចក្តីជូនដំណឹងនាថ្ងៃ១ មិថុនា រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំឲ្យម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវផ្ដល់ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ចនៅពេល បុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាក។
ការធ្វើបែបនេះ របស់សាលារាជធានីភ្នំពេញ ដោយសារកន្លងមក មានបុគ្គលិកមានអាការមិនស្រួលខ្លួនបាន សុំការអនុញ្ញាតឈប់សម្រាកពីការងារមួយរយៈ ក្រោយធូស្បើយពួកគេក៏បានចូលធ្វើការវិញ ដោយពុំបានដឹងថា ខ្លួនឯងមានផ្ទុកជំងឺកូវីដ១៩ ។
ជាមួយគ្នានេះ ក៏មានបុគ្គលិកមួយចំនួនទៀតដែលសង្ស័យបានប៉ះពាល់ ឬប្រយោលជាមួយភ្ញៀវមានផ្ទុកជំងឺកូវីដ១៩ ក្រោយទទួលបានព័ត៌មានពួកគេក៏បាន សុំការអនុញ្ញាតឈប់សម្រាកពីការងារទៅយកសំណាកដោយ ខ្លួនឯងដោយពុំបានជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋាន ឬអ្នកគ្រប់គ្រងនៅកន្លែងការងារទេ ដោយបន្ទាប់ពីយកសំណាក រួចបានមកធ្វើការដូចធម្មតា ពុំបានដាក់ខ្លួនដាច់ដោយឡែកដើម្បីរង់ចាំលទ្ធផលឡើយ ជាហេតុនាំឲ្យមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ដល់បុគ្គលិកផ្សេងទៀតពេល ទទួលលទ្ធផលវិជ្ជមានកូវីដ១៩ ។ នេះបើតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ៕